ខេត្តព្រះសីហនុ៖ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ១៤ តុលា ២០១៨ ក្រោយពេលឃាត់ខ្លួន កាលពីម៉ោងជាង៩យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ឈ្មោះមុន ស្រីខួច ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ, ឈ្មោះឈឹម សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ទឹកកក បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងឈ្មោះសា ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅ ចំនួន១៣ កញ្ចប់ ទម្ងន់ ៣២.៦៧ក្រាម (ទាំងសម្បក), ទូរស័ព្ទចំនួន០៣គ្រឿង, ដបជក់ចំនួន៤, ជញ្ជីងចំនួន១ និងថង់សំរាប់ខ្ចប់ថ្នាំញៀនមួយចំនួន ។
ដោយឡែកជនសង្ស័យម្នាក់ផ្សេងទៀត ឈ្មោះឈឹម វណ្ណដេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ បច្នុប្បន្ននៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងគ្រឿងញៀនដូចគ្នា ដែលកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបានកាលពីល្ងាចថ្ងៃ១២ តុលា ២០១៨ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏ត្រូវបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុជាមួយគ្នាដែរ ។
ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅចំនួន៣កញ្ចប់ ទម្ងន់ទាំងសម្បក ៧៨.០៥ក្រាម, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទ ចំនួន០១គ្រឿង, លុយខ្មែរ១០ម៉ឺនរៀល ព្រមទាំងសម្ភារពាក់ពន្ធ័មួយចំនួនទៀត ៕ ឆ្លាមសមុទ្រ