ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯកកម្ពុជាពីររូបកំពុងទាញបានការចាប់អារម្មណ៍លើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ និងសមត្ថភាពថ្នាក់អន្តរជាតិ២បាននឹងកំពុងធ្វើឡើងព្រមគ្នានៅក្រៅប្រទេស គឺកម្មវិធីបវរកញ្ញាផែនដី ដែលបានធ្វើឡើងនៅប្រទេសហ្វីលីពីន និង Miss Grand International នៅប្រទេសមីយ៉ាន់ម៉ា ។ កញ្ញាឯកពីររូបរបស់កម្ពុជា បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីខាងលើ ។

កញ្ញា កែវ សេងលីហួរ បវរកញ្ញាផែនដីកម្ពុជា ឆ្នាំ២០១៨ បាននាំយកឈុត “មាតាធម្មជាតិ” ទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ខាងលើ ប៉ុន្តែគួរឲ្យស្តាយ ឈុតតំណាងជាតិដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ ផ្តោតសំខាន់ទៅលើនិមិត្តរូបនៃក្តីសង្ឃឹម និងការគោរពរបស់មនុស្សទូទាំងសកល មិនបានជាប់ចំណាត់ថ្នាក់នោះទេ ។ កម្មវិធីប្រកួតឈុតតំណាងជាតិត្រូវបានធ្វើឡើងកាលពីយប់១១ តុលា នេះ ការប្រកួតសម្រស់បវរកញ្ញាផែនដី ឆ្នាំ២០១៨ ធ្វើឡើងនៅប្រទេសហ្វីលីពីន បានរកឃើញឈុតតំណាងជាតិស្អាតជាងគេប្រចាំទ្វីប និងតំបន់ធំៗនៅក្នុងពិភពលោកហើយ ដោយចំណាត់ថ្នាក់ចែកចេញជា៣ប្រភេទ គឺ មាស ប្រាក់ និងសំរិទ្ធ។ ទោះជាយ៉ាងណាព្រឹត្តិការណ៍នេះបានបន្តរុញច្រានឲ្យនារីខ្មែរមានឱកាសបង្ហាញមុខមាត់កាន់តែញឹកញាប់លើឆាកអន្តរជាតិ។

ការប្រកួតសម្រស់ Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមហើយ ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី២៥ ខែតុលា ដោយមានបេក្ខភាពជាច្រើនរូបមកពីជុំវិញពិភពលោក។ ក្រៅពីរូបសម្រស់ សមត្ថភាព ស្រីស្អាតមកពីប្រទេសនីមួយៗ បានត្រៀមនូវឈុតតំណាងជាតិទៅបង្អួតផងដែរ ។ តំណាងកម្ពុជា កញ្ញា ឌី លីកា វ័យ២០ឆ្នាំ បានទៅចូលរួមប្រកួត Miss Grand International ដោយនាំយកឈុតតំណាងជាតិមានឈ្មោះថា “ទេពីស្រីសួគ៌បវរឦសានបុរៈ” ។

ឈុតតំណាងជាតិនីមួយៗ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកពីអ្នកជំនាញ ថែមទាំងបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់លក្ខណៈអន្តរជាតិមួយនេះ។ ឈុតដ៏ពិសេសមួយនេះ បង្ហាញគុណបុព្វបុរសខ្មែរដែលលោកបានលះបង់ និងការពារថែរក្សាព្រះនគរខ្មែរ ឲ្យមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យពិសេសគឺអរិយធម៌ និងវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ។

តាមការប្រកាសលទ្ធផលចេញដោយគេទំព័ររៀបចំកម្មវិធីនេះបានបង្ហាញពីមោទនភាពសម្រាប់កម្ពុជា ដែលកំពុងតែឈរនៅលើកំពូលគេក្នុងលំដាប់ពិន្ទុជាង៣.៩លាន ខណៈដែលកញ្ញាឯក Phuong Nga មកពីប្រទេសវៀតណាមទទួលបានជាង៣.៨លានពិន្ទុ ៕ វឌ្ឍនា


ចែករំលែក៖