ព័ត៌មានទាន់ហេតុការណ៍៖

កំំពុងធ្វើការភ្លាត់ស្នៀតភ្លើងឆក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជាងភ្លើងជនជាតិចិនម្នាក់ បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីរងនូវការឆក់ភ្លើងពេលបំពេញការងារ ។

សពត្រូវបានសមត្ថកិច្ចរក្សាទុកនៅសាលមន្ទីរពេទ្យ រង់ចាំខាងស្ថានទូតទាក់ទងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងរោងចក្រផលិតថង់ប្លាស្ទិច ភូមិទួលសុទីន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះ មានឈ្មោះ មីស្ទឺរ លើវែ ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិចិន បានមករស់នៅ និងបម្រើការងារជាបុគ្គលិករោងចក្រ នៅទីតាំងខាងលើ។

ប្រភពព័ត៌មានពីកម្មកររោងចក្រខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចូលបម្រើការងារក្នុងរោងចក្រតាមធម្មតា ។ លុះដល់ម៉ោង៨ និង៣០នាទី ស្រាប់តែចៃដន្យអាក្រក់ ជនរងគ្រោះ ត្រូវភ្លើងអគ្គិសនីក្នុងរោងចក្រ ឆក់បណ្តាលឲ្យសន្លប់លែងដឹងខ្លួន ហើយត្រូវបុគ្គលិកជាជនជាតិចិនដូចគ្នា ជួយសង្រ្គោះបឋម រួចប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសមៈ ក្រុងភ្នំពេញ ដើម្បីជួយសង្រ្គោះអាយុជីវិត តែដោយស្ថានភាពធ្ងន់ធ្ងរពេក លោកគ្រូពេទ្យ មិនអាចជួយសង្រ្គោះបាន ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។

បច្ចុប្បន្នសាកសព ត្រូវបានតម្កល់ទុកនៅសាលក្នុងមន្ទីរពេទ្យ រង់ចាំមន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា ទាក់ទងសាច់ញាតិ ឲ្យមកទទួលយកទៅប្រទេសកំណើតវិញ ៕ សេនាស័ក្តិ


ចែករំលែក៖