ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កកង់បីបើកមិនប្រកាន់ស្ដាំត្រូវម៉ូតូមួយគ្រឿងបុករងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូសណ្ដោងរ៉ឺម៉ក(កង់បី)មួយគ្រឿង បើកចេញពីផ្លូវបេតុងឡើងលើផ្លូវជាតិដោយមិនប្រកាន់ស្ដាំរបស់ខ្លួន ត្រូវម៉ូតូមួយគ្រឿងទៀតបើកបុកពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ម៉ូតូបង្កជាប្រភេទម៉ូតូសណ្ដោងរ៉ឺម៉ក(កង់បី)ម៉ាកYAMAHA SIRIUS ពណ៌ខ្មៅលាយស គ្មានស្លាកលេខ បើកបរដោយឈ្មោះ យឹម ខ្នុយ ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (រងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-9409 បើកបរដោយឈ្មោះ ប៊ុន មុំ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើ ធ្វើដំណើរបើកចេញពីផ្លូវបេតុង ឆ្លងមកផ្លូវជាតិក្នុងទិសដៅពីជើងទៅត្បូង ដោយបើកក្នុងគន្លងផ្លូវស្ដាំរបស់គេ ខណៈនោះម៉ូតូជនរងគ្រោះខាងលើបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងច្រាស់ទិសគ្នា ក៏បានបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងសង្ខាងទទូលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែងរួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូសណ្តោងរឺម៉ក(កង់បី) បើកបរក្នុងគន្លងផ្លូវបញ្ច្រាស់ទិស ដោយមិនប្រកាន់ស្តាំទើបបានជាម៉ូតូម្ខាងទៀតបុក បណ្ដាលឲ្យរងរបួសយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖