ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់សង្ស័យ បែកថ្នាំ ដើរចូលទៅអុកឡុក ក្នុងពិធិសម្ពោធការដ្ឋានផ្លូវបេតុង បង្កភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ លោកនុតពុធដារារួម និងមន្ត្រីសាលាខណ្ឌដង្កោកំពុងតែរៀបចំពិធិបើកសម្ពោធការដ្ឋានមួយខ្សែ ហើយកំពុងតែសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតនៅក្នុងរោងពិធិនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានយុវជនម្នាក់ប្រហែលជាប្រើប្រាស់ថ្នាំញៀនវង្វេងវង្វាន់ លែងដឹងអ្វី និងលែងខ្លាចនរណាទាំងអស់បានដើរចូលទៅក្នុងរោងពិធីការដែលមានវត្តមានលោកអភិបាលខណ្ឌដង្កោនៅទីនោះ បានស្រែកឡូឡាបង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកចៅហ្វាយខណ្ឌ និងប្រជាពលរដ្ឋដែលកំពុងតែអង្គុយស្តាប់លោកចៅហ្វាយខណ្ឌមានប្រសាសន៍កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ។

ក្រោយពេលដែលយុវជនបែកថ្នាំចូលទៅអុកឡុកភ្លាមៗនោះដែរ ក៏មានកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ដង្កោបានចុះទៅអន្តរាគមន៍ និងដឹកយុវជនបែកថ្នាំខាងលើនេះ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជនខាងលើនេះរួច ក៏មានក្រុមគ្រួសារសាច់ញាតិបានមកប្រាប់សមត្ថកិច្ចឲ្យដឹងថា ពួកគាត់មានការសោកស្តាយយ៉ាងខ្លាំង ដោយប្អូនពួកគាត់ម្នាក់នេះ ផុងខ្លួនក្លាយទៅជាអ្នកញៀនថ្នាំជាច្រើនឆ្នាំមកហើយ ដែលអ្នកផ្ទះប្រដៅលែងស្តាប់ទៅហើយ ។ ពួកគាត់បានបន្តទៀតថា ប្អូនគាត់ម្នាក់តែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារហើយ យកម៉ូតូបងប្អូនរបស់គាត់ទៅលក់ទៅបញ្ចាំអស់ជាច្រើន ដើម្បីយកលុយទៅទិញថ្នាំញៀនជក់។

ក្រោយពីបានស្តាប់ការរៀបរាប់ពីក្រុមគ្រួសាររបស់យុវជនរងគ្រោះ ដោយសារថ្នាំញៀនរួចហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោបានធ្វើឯកសារបញ្ជូនយុវជនបែកថ្នាំខាងលើនេះ ទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដឹកយកទៅបន្សាបគ្រឿងញៀនដើម្បីឲ្យក្លាយជាពលរដ្ឋ និងមានអនាគតល្អឡើងវិញ ៕ តាឡឹម


ចែករំលែក៖