ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលរថយន្តដឹកទឹកដោះគោក្រដាស់មួយគ្រឿង បានបើកយ៉ាងលឿនបណ្ដាលឲ្យបែកកង់ផ្នែកខាងក្រោយ ក៏បោកក្រទ្បាប់ផ្ងារជើងចាក់កេសទឹកដោះគោរាយពេញផ្លូវ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣៥នាទីព្រឹកថ្ងៃពុធ ៨កើត ខែអស្បុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ(ប្រភេទ១តោនកន្លះ) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2H-4654 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរស២នាក់ទៀត អ្នកទាំង៣មិនត្រូវបានស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា៣នាក់ បានបើករថយន្តតាមផ្លូវលេខ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងយកទំនិញដាក់ឲ្យម៉ូយ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ក្រោយខាងឆ្វេង ដោយល្បឿនលឿនផងនោះ បណ្ដាលឲ្យគាត់ទប់ចង្កូតមិនជាប់ក៏បោកក្រឡាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងយករថយន្តស្ទួចរថយន្តបង្កចេញ ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះផងដែរ ៕ ភារ៉ាដង្កោ