ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងឱកាសប្រតិភូ ជាសមាជិក អ្នកធ្វើជំនួញ សហគ្រិន និងធូរៈកិច្ចជាច្រើននាក់ មកពី CEO MASTER CLUB ដឹកនាំដោយលោក អោម សេងបូរ៉ា ជាប្រធាន បានចូលជួបសម្ដែង ការគួសម និងពិភាក្សាការងារ ក្នុងឱកាសនោះបានជំរុញឲ្យ CEO MASTER CLUB គិតគូទៅលើការបណ្តុះបណ្តាល សហគ្រិនវ័យក្មេង ឲ្យមានបទពិសោធន៍ និងចេះរកស៊ី សំរាប់ពេលអនាគត ។
ក្នុងជំនួបសំដែងការគួរសម របស់ថ្នាក់ដឹកនាំ និងជាសមាជិក CEO MASTER CLUB បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ក្នុងគោលបំណងបង្ហាញ ពីសកម្មភាពរបស់ CEO MASTER CLUB និងផលប៉ះពាល់ជាវិជ្ជមាន របស់សហគ្រិនកម្ពុជា ចំពោះសេដ្ឋកិច្ចជាតិ ដោយលោក ឃួង ស្រេង បានសម្តែងការគាំទ្រ ចំពោះសកម្មភាព CEO MASTER CLUB ក្នុងបុព្វហេតុបង្កើនមុខរបរ ពង្រីកមុខជំនួញ របស់សហគ្រិន អ្នកជំនួញ ។ លោកអភិបាលរាជធានី បានលើកទឹកចិត្ត ក្នុងការជួបសំណេះសំណាលគ្នា ១ឆ្នាំម្តង រវាងរដ្ឋបាល រាជធានីភ្នំពេញ និង CEO MASTER CLUB ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ CEO MASTER CLUB គិតគូរទៅលើការ បណ្តុះបណ្តាល សហគ្រិនវ័យក្មេង ឲ្យមានបទពិសោធន៍ និងចេះរកស៊ី សំរាប់ពេលអនាគត ព្រោះបើយើងចង់ឲ្យមាន ការរីកចំរើន ទាល់តែយើងខិតខំ ពង្រីកធនធានមនុស្ស និងមុខរបរបន្ថែម ។
លោកបានបន្ដថា៖ បងប្អូនធុរៈជន ដែលមានឱកាសរកស៊ីមានបាន គឺអាស្រ័យដោយប្រទេស មានសុខសន្តិភាព មានស្ថេរភាពនយោបាយ ដូចសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក នៃសន្តិភាព និងការអភិវឌ្ឍ ។
លោក អោម សេងបូរ៉ា ប្រធានCEO MASTER CLUB បានបញ្ជាក់ថា៖ CEO MASTER CLUB ត្រូវបានបង្កើតឡើង រយៈពេល៤ឆ្នាំ មកហើយ ដោយបានចងក្រង ក្រុមអ្នកជំនួញ អ្នកវិនិយោគក្នុងស្រុក ដោយចែករំលែកបទ ពិសោធន៍ ពីគ្នាទៅវិញទៅមក លើការធ្វើអាជីវកម្ម ជំនួញ និងវិនិយោគ នៅរាជធានីភ្នំពេញ ។
លោកបន្តថា៖ រហូតមកដល់ពេលនេះ មានសមាជិករបស់ CEO MASTER CLUB មួយចំនួន បានប្រែក្លាយខ្លួនពីអាជីវកម្មតូចតាច ទៅជាសហគ្រិន ឬរោងចក្រផងដែរ ។ តំណាងអាជីវកម្ម និងសហគ្រិននិមួយៗ បានបង្ហាញពីបទពិសោធន៍ ក្នុងការធ្វើអាជីវកម្មលើមុខជំនួញ របស់ខ្លួន ដែលមានការរីកចំរើន គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ CEO MASTER CLUB បានរួមចំណែក ដល់ការងារសង្គមជាច្រើនទៀត មានការងារអប់រំ ការងារបរិស្ថាន និងការងារសង្គមមួយចំនួនទៀត ៕ សំរិត