ខេត្តព្រះវិហារ ៖ បន្ទាប់ពីអាជ្ញាធរ សមត្ថកិច្ចឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារផ្សព្វផ្សាយពាក់ព័ន្ធនឹងការកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ទាំងអាវុធកែច្នៃ ស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរួចមក ប្រជាពលរដ្ឋជាច្រើននាក់បានទទួលការយល់ដឹងច្រើន អំពីការប្រើប្រាស់កាំភ្លើងកែច្នៃខុសច្បាប់ដែលច្បាប់កំពុងហាមឃាត់ពាក់ព័ន្ធទៅនឹងបទព្រហ្មទណ្ឌ និងទទួលទោសទណ្ឌតាមច្បាប់ជាកំហិតនោះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ពួកគាត់បានស្ម័គ្រចិត្តយកកាំភ្លើងកែច្នៃច្រើនប្រភេទទៅប្រគល់ជូនសមត្ថកិច្ច ។
លោកវរ:សេនីយ៍ឯក សាយ ដេត អធិកាស្រុករវៀង បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលឃុំរមទម្យ បានសហការនឹងក្រុមប្រឹក្សាឃុំ ដោយមានការចូលរួមពីប្រជាពលរដ្ឋបើកវេទិកាប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតសំខាន់លើបញ្ហាការប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ និងបានពន្យល់ណែនាំនូវបទដ្ឋានគតិយុត្តស្ដីអំពីច្បាប់ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌខុសច្បាប់នានា ដែលបានចែង ។
លោកថា ត្រូវចូលបំបាត់នូវការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ក៏ដូចជាក្រុមបងតូច-បងធំជាដើម ។ ជាមួយគ្នានេះ សមត្ថកិច្ចបានផ្តោតសំខាន់ ដល់ផលប៉ះពាល់ នៃការប្រើប្រាស់អាវុធកែច្នៃ ដោយខុសច្បាប់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកអាវុធកែច្នៃ មកប្រគល់ជូនសមត្ថកិច្ច ។ បើមិនដូច្នេះទេ ក្រោយពីមានការស្រាវជ្រាវឃើញ នឹងដាក់ទោសតាមការកំណត់។
ក្រោយពីបានស្តាប់ការបកស្រាយរបស់សមត្ថកិច្ចស្តីពីការប៉ះពាល់ នៃការប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ប្រជាពលរដ្ឋ ក៏មានការភ្ញាក់រលឹក និងបានប្រគល់អាវុធកែច្នៃខុសច្បាប់ចំនួន២៦ដើម ជូនសមត្ថកិច្ច។ ក្នុងនោះមានកាំភ្លើងកាប៊ិន១៣ដើម និងកាំភ្លើងខ្យល់១៣ដើមផងដែរ ៕ វណ្ណៈ