ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ី បានរងរបួសបាក់ជើង ខណៈកំពុងឈប់រថយន្តហើយឱនចងខ្សែនៅគូទរថយន្ត ហើយត្រូវរ៉ឺម៉កបើកមកបុកផ្ទប់នឹងរថយន្ត ចំណែកម្ចាស់រ៉ឺម៉ករងរបួសស្រាល ហើយត្រូវរថយន្តកងពលតូច៩១១ ដឹកអ្នករបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះម្ចាស់រថយន្តឈ្មោះ ឃឹម កុសល ភេទប្រុស អាយុ៣៨ឆ្នាំ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តតូរីស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2K 4188 ជារថយន្តតាក់ស៊ី ហើយបានបើកមកឈប់នៅចំណុចកើតហេតុរួចចុះពីរថយន្តមកចងខ្សែ នៅខាងក្រោយរថយន្តកំពុងតែឱនចង ស្រាប់តែមានបុរសម្នាក់ បើករ៉ឺម៉កមកពីក្រោយបុកពេញទំហឹងផ្ទប់នឹងរថយន្តបណ្តាលឲ្យម្ចាស់រថយន្តរងរបួសបាក់ជើងម្ខាង ចំណែកម្ចាស់រ៉ឺម៉ករងបួសស្រាល ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះកងពលតូច៩១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ចំណែករថយន្ត និងរ៉ឺម៉កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ