ភ្នំពេញ៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នេះ ចេញដីកាឃុំខ្លួនបុរសម្នាក់ ដែលបានយកឈ្មោះភរិយាសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅគំរាមកំហែង និងបង្ខំឱ្យមេឃុំចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដីធ្លី ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ ពីបទគំរាមកំហែង និង បទក្លែងឯកសារសាធារណៈ ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយជាប់ពាក់ពន្ធយកឈ្មោះភរិយាសម្តេចក្រឡាហោមស ខេង ទៅគំរាមកំហែង និងបង្ខំឱ្យមេឃុំចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដីធ្លី ។
ជនសង្ស័យឈ្មោះ មឿង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភោជនីយដ្ឋានតាឪ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីមានបណ្តឹងគ្រប់គ្រាន់ និង ជាការឃាត់ខ្លួនតាមបទល្មើសជាក់ស្តែង ដែលជនសង្ស័យបានប្រព្រឹត្ត នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ពាក់ព័ន្ធការចាប់ឃាត់ខ្លួនឈ្មោះ មឿង លីដា នេះ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា ជនសង្ស័យជាប់បណ្តឹងគំរាមកំហែង និងបទក្លែងឯកសារសាធារណៈ ដែលដើមបណ្ដឹងមាន៤នាក់ថែមទៀត ក្រៅពីបណ្តឹងរបស់លោកមេឃុំម្នាក់ផងដែរ ។
ដើមបណ្ដឹទី១. ឈ្មោះ ច័ន្ទ កល្យាណ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៧ និង៥៩ ផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ទី២.ឈ្មោះ សេង សត្ថា ភេទប្រុស អាយុ៤៦ឆ្នាំ ។ ទី៣.ឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ។ និងទី៤ឈ្មោះ អ៊ុំ ឡា ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅបុរីពិភពថ្មី សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធ៍សែនជ័យ ៕ចេស្តា