ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​យក​ឈ្មោះ​ភរិយា​សម្តេច​ក្រឡា​ហោម​ ស​ ខេង​ គំរាម​អាជ្ញាធរ​លើ​ពាក្យ​សុំ​ចុះ​បញ្ជី​ដីធ្លី​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៨​ នេះ​ ចេញដីកាឃុំខ្លួនបុរសម្នាក់ ដែលបានយកឈ្មោះ​ភរិយា​សម្តេច​ក្រឡា​ហោម​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ទៅគំរាមកំហែង និងបង្ខំឱ្យមេឃុំចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដីធ្លី ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទ​រូបនេះ ពីបទគំរាមកំហែង និង​ បទក្លែងឯកសារសាធារណៈ ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៨​ ដោយជាប់ពាក់ពន្ធយកឈ្មោះភរិយា​សម្តេច​ក្រឡា​ហោម​ស​ ខេង​ ទៅគំរាមកំហែង និងបង្ខំឱ្យមេឃុំចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដីធ្លី ។

ជនសង្ស័យឈ្មោះ មឿង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅក្នុងភោជនីយដ្ឋានតាឪ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីមានបណ្តឹងគ្រប់គ្រាន់ និង ជាការឃាត់ខ្លួនតាមបទល្មើសជាក់ស្តែង ដែលជនសង្ស័យបានប្រព្រឹត្ត នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ពាក់ព័ន្ធ​ការចាប់ឃាត់ខ្លួនឈ្មោះ មឿង លីដា​ នេះ ត្រូវបានសមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ថា ជនសង្ស័យជាប់បណ្តឹងគំរាមកំហែង និងបទក្លែងឯកសារសាធារណៈ ដែលដើមបណ្ដឹងមាន៤នាក់ថែមទៀត ក្រៅពីបណ្តឹងរបស់លោកមេឃុំម្នាក់ផងដែរ ។

ដើមបណ្ដឹទី១. ឈ្មោះ ច័ន្ទ កល្យាណ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៧ និង៥៩ ផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ទី២.ឈ្មោះ សេង សត្ថា ភេទប្រុស អាយុ៤៦ឆ្នាំ ។ ទី៣.ឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ។ និងទី៤ឈ្មោះ អ៊ុំ ឡា ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅបុរីពិភពថ្មី សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធ៍សែនជ័យ ៕ចេស្តា


ចែករំលែក៖