ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណី លួចទ្វារដែក និងប្រើប្រាស់ជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន ជាមួយថ្នាំញៀន៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំល្មម នៅ២ទីតាំង និង២ករណីផ្សេងគ្នា។
លោកអធិការ បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបជនសង្ស័យជាចោរលួចទ្វារដែក និងជាអ្នកប្រើប្រាស់គ្រឿងញៀន ឈ្មោះ ហុក រ៉េហត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជនអានាថា) ដកហូតបានទ្វារដែកចំនួន១ផ្ទាំង, ដែកអន្ទាចំនួន១ និងជណ្តើរដែកចំនួន២ ខាងលើនេះ គឺបានអនុវត្តឡើង បន្ទាប់បន្តសកម្មភាពយាមល្បាតក្នុងភូមិសាស្ត្រ ដើម្បីរក្សាសន្តិសុខ និងទទួលបានពាក្យបណ្ដឹងភ្លាមៗ ពីជនរងគ្រោះឈ្មោះ ខៀវ វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ បើកសិប្បកម្មផ្សារដែក ស្នាក់នៅចំណុចផ្ទះកើតហេតុលេខ១៥៥C តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យជាចោរលួចទ្វារដែក នៅថ្ងៃខែឆ្នាំដដែលនេះដែរ កម្លាំងនគរបាលរបស់លោក បានលបឆ្មក់បង្ក្រាបជាក់ស្ដែងនូវការជួញដូរថ្នាំញៀន១ករណីទៀត ដោយក្នុងប្រតិបត្តិការនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សុប៊ិន អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិកប្រាកដ ស្នាក់នៅផ្ទះលេខ១៩៩C ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ដកហូតបានក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំល្មម រួមជាមួយលុយ ចំនួន៣០០០០រៀល (បីម៉ឺនរៀល)។
លោកអធិការ បានឲ្យដឹងទៀតថា ក្រោយបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរលួចទ្វារដែក និងប្រើប្រាស់ជួញដូរគ្រឿងញៀនទាំង២នាក់ នៅ២ទីតាំង និង២ករណីផ្សេងគ្នា រួមជាមួយវត្ថុតាង ត្រូវបាននាំយកមកឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ អារុណរះ