ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវជាង២២០ដើម ដែលក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការរាជធានីភ្នំពេញដាក់នៅតាមបណ្តោយផ្លូវជាតិលេខ១ចាប់ពីព្រំប្រទល់រវាងសង្កាត់ វាលស្បូវ និងសង្កាត់និរោធ ទៅដល់ព្រំប្រទល់សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនេះដាក់ឲ្យប្រើប្រាស់ហើយដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីទីក្រុងស្អាត ។
នេះជាទិដ្ឋភាពភ្លើងបំភ្លឺផ្លូវត្រូវបានដាក់ឲ្យដំណើរការនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីខណ្ឌច្បារអំពៅទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយមានចំនួន២២៨ដើម ។ បង្គោលភ្លើងបំភ្លឺផ្លូវទាំង២២៨ដើម ត្រូវបានក្រុមការងារចាប់ផ្តើមអនុវត្ត គំរោងស្ថាបនាចាប់ពីដើមខែតុលា ឆ្នាំ២០១៨ មកម្ល៉េះ មកដល់ពេលនេះ មានរយៈពេលជិត១ខែហើយ ទើបស្ថាបនារួចរាល់ជាស្ថាបពរ និងដាក់ឲ្យដំណើរជាផ្លូវការ ។
សូមបញ្ជាក់ថា ភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅចែកចេញជា២ផ្នែក ។ ផ្នែកទី១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើតទៅដល់សង្កាត់វាលស្បូវ ភ្លើងបំភ្លឺផ្លូវត្រូវបានក្រុមការងារបច្ចេកទេសដាក់នៅតាមបណ្តោយសួនច្បារពុះចែកគន្លងផ្លូវ និងដាក់នៅតាមចិញ្ចើមផ្លូវទាំងសង្ខាង ក្នុងនោះមានភ្លើងស្តុបចំនួន៦កន្លែងដូចខាងក្រោមៈ
១-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៦៣ ផ្សារច្បារអំពៅ
២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៦២៨ ចូលទៅវត្តច្បារអំពៅ
៣-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៥១ វត្តនិរោធន៍
៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលទៅទូរទស្សន៍បាយ័ន
៥-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលបុរី ប៉េង ហួត បឹងស្នោរ
៦-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលមន្ទីរពេទ្យចារីយ៍ ។
ផ្នែកទី២ បង្គោលភ្លើងបំភ្លឺផ្លូវចាប់ពីសង្កាត់វាលស្បូវទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយ ត្រូវបានក្រុមការងារដាក់នៅតាមបណ្តោយផ្លូវទាំងសង្ខាងមានចំនួន២២៨ដើម ត្រូវបានដាក់ឲ្យដំណើរបំភ្លឺផ្លូវដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់មិនឲ្យកើតមានបទល្មើលនៅពេលយប់ ៕ សណ្តោស