ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីគុកវិញ ស្រាយគំនុំចាស់ ទាញ់កាំបិតផ្គាក់សម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្រ្តីម្នាក់ បានស្លាប់ក្នុងថ្លុកឈាម ដោយស្នាដៃប្តីខ្លួនឯង កាប់នឹងកាំបិតផ្គាក់ ព្រោះខឹងប្រពន្ធប្តឹងសមត្ថកិច្ច ឲ្យចាប់ដាក់គុក ។ ឃាតកម្មប្តីឃោរឃៅ សម្លាប់ប្រពន្ធនេះ បានកើតឡើងនៅម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ស្រ្តីរងគ្រោះឈ្មោះ អុក ថន អាយុ៣៣ឆ្នាំ ។ ចំណែកជនសង្ស័យជាប្តីឈ្មោះ ម៉ាន់ ឆុន អាយុ៣៧ឆ្នាំ ។ ពួកគេទាំង២នាក់ រស់នៅភូមិកើតហេតុខាងលើ ។

នៅមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា គេខឹងប្រពន្ធ និងម្តាយក្មេក ប្តឹងសមត្ថកិច្ចឲ្យចាប់គេដាក់គុក ចោទពីបទប្រើប្រាស់គ្រឿងញៀន។

ប្រភពព័ត៌មានពីសាក្សី រស់នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា ជនសង្ស័យ ជាមនុស្សប្រើប្រាស់ថ្នាំញៀនប្រចាំភូមិ តែងតែបង្កបញ្ហាដល់ប្រជាពលរដ្ឋក្នុងភូមិជាញឹកញាប់ ហើយថ្មីៗនេះ ជនសង្ស័យ ទើបចេញពីគុក ។នៅពេលវិលមកដល់ផ្ទះវិញ ជនសង្ស័យ ដើរសួររកមុខមនុស្សប្តឹងគេដាក់គុក រួចក៏ដាក់ការសង្ស័យលើប្រពន្ធ និងម្តាយក្មេក ហើយថ្ងៃកើតហតុ ជនសង្ស័យ បានស្រាយគំនុំទាញកាំបិតផ្គាក់ កាប់ប្រហារភរិយាខ្លួន ឲ្យស្លាប់ក្នុងថ្លុកឈាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដកហូតកាំបិតផ្គាក់១ នាំមកអធការដ្ឋាន កសាងសំណុំរឿងចាត់ការតាមច្បាប់៕ សេនាស័ក្តិ


ចែករំលែក៖