ខេត្តព្រះសីហនុ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងជួយសង្គ្រោះពលរដ្ឋចំនួន២នាក់ផ្សេងទៀតដែលរងគ្រោះដោយសារពុលត្រីក្រពតសមុទ្រ ក្រោយពលរដ្ឋរងគ្រោះនាំគ្នាស្ទូចបានយកត្រីប្រភេទនេះមកធ្វើជាអាហារ។
បើតាមគ្រូពេទ្យបានឲ្យដឹងថា នៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៨ មានពលរដ្ឋ២នាក់ជាកម្មករសំណង់នៅម្តុំឆ្នេរព្រែកត្រែង ក្នុងស្រុកស្ទឹងហាវ មានស្ថានភាពពុលត្រី ក្រពត ធ្ងន់ធ្ងរ និងកំពុងទទួលការសង្គ្រោះជាបន្ទាន់ ។
បើតាមគ្រូពេទ្យបញ្ជាក់បន្ថែមថា នេះជាជនរងគ្រោះទី៣ហើយ ដែលពុលត្រីក្រពតសមុទ្រ ក្នុងនោះមុននេះ ៣ថ្ងៃក៏មានកម្មករសំណង់មួយរូបដែរ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏បានពុលត្រីកំពតនេះដូចគ្នា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ករណីនេះ លោក នេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះថ្មីបំផុតនេះ ជាកម្មករមកពីខេត្តផ្សេង ដែលគាត់ពុំទាន់បានស្វែងយល់ពីប្រភេទត្រីសមុទ្រ បរិភោគទៅពុល និងថា កន្លងមក ក៏ធ្លាប់មានអ្នករងគ្រោះរហូតដល់ស្លាប់ដែរ ក្រោយពុលត្រីក្រពត ឬសត្វប្រឡាំងកាស ។
ជុំវិញបញ្ហានេះ ទាំងលោកនេន ចំរើន ទាំងខាងគ្រូពេទ្យបានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ដាច់ខាតកុំបរិភោគត្រីក្រពតសមុទ្រនេះឲ្យសោះ និងថាក្នុងករណីរងគ្រោះពុលភ្លាមៗ ចាំបាច់ត្រូវរហស័នាំមករកគ្រូពេទ្យជួយសង្គ្រោះបន្ទាន់បំផុត ព្រោះថាអាការៈពុលត្រីក្រពតនេះសាហាវណាស់ ជនរងគ្រោះអាចនឹងគាំងបេះដូងស្លាប់ប្រសិនបើកយឺតយូរក្នុងការនាំយកមកសង្គ្រោះ ៕ ឆ្លាម សមុទ្រ