ខេត្តរតនគិរី៖ គំនរឈើរាប់រយដុំ ដែលក្រុមឈ្មួញដឹកជញ្ជូនពីព្រៃធម្មជាតិខាងជើងវារីអគ្គិសនីសេសានក្រោម២ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង យកលាក់ទុកនៅព្រៃក្បែរក្រុមហ៊ុនSKឥណ្ឌាទីតាំងឃុំត្រពាំងក្រហម ស្រុកកូនមុំ ដែលនៅសេសល់ពីការបង្ក្រាបបានប្រមាណពីរគោយន្តតូចៗនោះ ត្រូវបានក្រុមកម្លាំងបង្ក្រាបចុះរឹបអូសបន្ថែមទៀតហើយ ។
ការចុះបង្ក្រាបរឹបអូសបន្ថែមនោះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ។
តាមប្រភពបានឲ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសុក្រកូនមុំដឹក នាំដោយលោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ សហការជាមួយកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ ចុះបង្ក្រាប និងរឹបអូស ដោយមានការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេតរតនគិរី ។
ការចុះបង្រ្កាបជាក់ស្តែង និងរឹបអូសឈើប្រភេទសុក្រំ និងកកោះចំនួន១៦៧ដុំ (ពុំមានម្ចាស់) បានយកមកលាក់ទុក នៅត្រង់ចំណុចនិយាមកាលេខ X0677895.Y151400 នៅខាងលិចភ្នំត្រងោល ភូមិ៣ ឃុំត្រពាំក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
វត្ថុតាងមានឈើ ដែលរឹបអូសបានកម្លាំងបានដឹកជញ្ជូន មករក្សាទុកនៅក្នុងក្រុមហ៊ុនSKឥណ្ឌា ជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី ។
មជ្ឈដ្ឋានជុំវិញបានរិះគន់ថា សមត្ថកិច្ចបង្រ្កាបឈើ ដែលក្រុមឈ្មួញប្រមូលលាក់ទុកសម្រាប់បន្លំអែបជាមួយPCឈើក្រុមហ៊ុន SKឥណ្ឌានេះឯង ដល់ពេលឥឡូ វស្រាប់សមត្ថកិច្ចបង្ខំចិត្តបង្ក្រាបបានហើយ បែរជាយកទៅដាក់នៅក្នុងក្រុមហ៊ុននោះ ដែលមិនអីខុសពីយកស្ករទៅផ្ញើស្រម៉ោចនោះទេ ទំនងការចុះបង្ក្រាបនេះ គ្រាន់ជាការសំដែងឆាកល្ខោនក្នុងវាំងននខ្មៅប៉ុណោ្ណះនោះដែរ ៕ ជីវ័ន្ត