ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកដាវកែច្នៃ ទៅកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង០០នាទី នៅចំណុចតាមផ្លូវលំ ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ អែម ហ៊ន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ឈ្មោះ វិន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (របួសរលាត់ស្បែកនិងហើមកំភួនដៃខាងស្តាំ) ។ សម្ភារបន្សល់ទុក ៖ ដាវកែច្នៃចំនួន០១ដើម ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឲ្យដឹងថា៖ បន្ទាប់ពីទទួលព័ត៌មានថា នៅចំណុចខាងលើ មានក្មេងស្ទាវ២នាក់កំពុងវាយតប់គ្នា ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា មូលហេតុដែលនាំឲ្យគេយកដាវកែច្នៃទៅកាប់លើទំនាស់នោះគឺកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូមកកិនមេជើងខ្លួន ហើយ ក៏ជិះទៅបាត់លុះដល់ថ្ងៃកើតហេតុ ខ្លួនឃើញជនរងគ្រោះកំពុងឈរនៅមុខផ្ទះ ក៏ទាញដាវទៅកាប់បណ្តាលឲ្យរងរបួសតែម្តង ។ ចំណែកជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ខ្លួនមិនធ្លាប់ស្គាល់ជនសង្ស័យទេហើយ ក៏មិនបានជិះម៉ូតូទៅកិនមេជើងជនសង្ស័យដែរ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកជនរងគ្រោះត្រូវបងប្អូននាំទៅព្យាបាលនៅមន្ទីពេទ្យ៕ តុង សីហា