ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ បើកការដ្ឋាន ផ្លូវ និងស្ពានមួយខ្សែប្រវែង២៨៥០ម៉ែត្រ មហាវិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាង នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួម បើកការដ្ឋានផ្លូ និងស្ពានមួយខ្សែ ប្រវែង២៨៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលឈ្មោះថា មហាវិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាង ជាប់នឹងផ្លូវ៦០ម៉ែត្រ ស្ថិតនៅសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ ដើម្បីសម្រួលការ កកស្ទះចរាចរណ៍ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ។ ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ តុលា ឆ្នាំ២០១៨ ស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រ ។

លោកពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញភ្នំពេញ បានបញ្ជាក់ថា៖ គម្រោងស្ថាបនា ដែលមានឈ្មោះថា មហាវិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាងមាន ទទឹង៣០ម៉ែត្រ ទ្រូងផ្លូវ៣០ម៉ែត្រ ប្រវែង ២៨៥០ ម៉ែត្រ និងការស្ថាបនាស្ពានអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ដែលមានប្រវែង២៨៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ រួមនឹងការដាក់លូទំហំជាង២ម៉ែត្រផងដែរ។ កំណាត់ផ្លូវ និងស្ពានថ្មីនេះចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ពោលគឺចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតីហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌ មានជ័យ ។

ផ្លូវនេះមានសារសំខាន់ក្នុងការរំដោះចរាចរចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន_ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង។ ផ្លូវថ្មីមួយខ្សែនេះត្រូវបានប្រសិទ្ធនាមថា មហាវិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាង ហើយការសាង សង់ផ្លូវមួយខ្សែថ្មីនេះ មានគោលបំណង២ទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ ដើម្បីរៀបចំនិងសម្រួលឲ្យមានចរន្តសរសៃឈាមនៃការធ្វើចរាចរណ៍ បានល្អប្រសើរ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូ ចំពោះការលំបាក របស់ប្រជាពលរដ្ឋ មិនថានៅទីណា កន្លែងណានោះ ទេ គឺ សម្តេចអគ្គមហាសេនាបតី តេជោ តែងតែគិតគូរជានិច្ច ពិសេសចំពោះការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រព័ន្ធធារាសាស្រ្ត សំណង់អគារ និងស្តាឡើងវិញលើគ្រប់វិស័យ នៅគ្រប់តំបន់ទាំងប្រទេស។ សមិទ្ធិផលជាច្រើន បានកសាងឡើង ពាសពេញផ្ទៃប្រទេស ហើយការអភិវឌ្ឍកំពុងបន្ត ដំណើរការទៅមុខ ឥតឈប់ឈរ ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សង្គមជាតិ ដំដៅលើកកម្ពស់ កម្រិតជីវភាព ប្រជាពលរដ្ឋ និងកិត្យានុភាពជាតិ។

លោក បានបញ្ជាក់ថា ៖ មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរ ដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្ត សង្គាត់ចាក់អង្រែលើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ និងជាការដោះស្រាយ បញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អក្នុងការកាត់បន្ថយ ការចំនាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារប្រព្រឹត្តិប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល ៕ សំរិត


ចែករំលែក៖