ខេត្តកណ្ដាលៈ យុវជនម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីយុវជនសង្ស័យរូបនេះយកកាំបិតត្នោតទៅចាក់ម្ដាយចុងខ្លួនឯងចំពោះ បណ្ដាលឲ្យរងរបួសធ្ងន់ ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា យុវជនសង្ស័យចាប់ខ្លួនឈ្មោះ យ៉េង ហ៊ាន់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិព្រៃរូង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រីឯស្រ្ដីរងគ្រោះជាម្ដាយចុងឈ្មោះ យ៉ុន គម ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញអេតចាយ មានស្រុកកំណើតភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ បច្ចុប្បន្ន ជនសង្ស័យនិងជនរងគ្រោះស្នាក់នៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កន្លងមកឪពុកជនសង្ស័យឈ្មោះ យួន យ៉េង បានមានប្រពន្ធឈ្មោះ សន យាប និងមានកូនឈ្មោះ យ៉េង ហ៊ាន់ (ជនសង្ស័យ) លុះក្រោយមកទៀត ឪពុកជនសង្ស័យមានចិត្ដស្រលាញ់ឈ្មោះ យ៉ុន គម (ស្រ្ដីរងគ្រោះ) រហូតយកស្រ្ដីរងគ្រោះធ្វើជាប្រពន្ធចុងមកដល់បច្ចុប្បន្ន និងបានរស់នៅក្នុងផ្ទះជាមួយនឹងប្រពន្ធដើមផងដែរដោយរកស៊ីទិញអេតចាយ ។ ចាប់តាំងពីឪពុកជនសង្ស័យយកស្រ្ដីរងគ្រោះធ្វើជាប្រពន្ធចុងរួចមក ជនសង្ស័យនឹងស្រ្ដីរងគ្រោះ(ម្ដាយចុង)មិនសូវស៊ីសង្វាក់ និងត្រូវរ៉ូវគ្នានោះទេ លុះមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៩ព្រឹក ដោយមានចិត្ដខឹងនឹងស្រ្ដីរងគ្រោះជាម្ដាយចុងជនសង្ស័យបានយកផ្លែល្ហុងទៅគប់ជញ្ជាំងផ្ទះដើម្បីបញ្ចេញកំហឹងនៅក្នុងខ្លួន ខណៈនោះឈ្មោះ ចាន់ ជឿន ជាបងថ្លៃជនសង្ស័យបានទៅសួរនាំ ក៏កើតមានទំនាស់ជាមួយគ្នាបន្ថែមទៀត ។
ប្រភពដដែលបន្ដទៀតថា លុះមកដល់វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ស្រ្ដីឈ្មោះ យ៉ុន គម (ស្រ្ដីរងគ្រោះ) បានត្រឡប់មកពីទិញអេតចាយនៅខាងក្រៅវិញមកដល់ផ្ទះ ក៏យកកំប៉ុងទឹកដោះគោរបស់ចៅទៅលាងនៅក្រោយផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានយកកាំបិតត្នោតពីលើគ្រែក្បាលដំណេករបស់ខ្លួន ចាក់ទៅលើស្រ្ដីរងគ្រោះជាម្ដាយចុងរបស់ខ្លួនចំពោះចំនួន១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ក្រោយជនសង្ស័យធ្វើសកម្មភាពរួច និយាយថា ហ្នឹងហើយ មកយកប្តីម៉ែអញ ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំពិល ចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ