ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញយុវជនម្នាក់ គ្មានផ្ទះសម្បែង(ជនអនាថា) បានមកដេកស្លាប់នៅលើគំរបលូទឹកស្អុយ កាលពីវេលាម៉ោង៣ និង២០ នាទីរសៀល ថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃ ទី ២៧ ខែតុលា ឆ្នាំ ២០១៨ ក្បែររទេះ សំរាម រោងមាត់លូមួយកន្លែង ស្ថិតផ្លូវលេខ១០៥ ខាងលិចផ្សារបឹងត្របែក ក្រុមទី២១ ភូមិទី៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ធី ហៅ ចំរើន ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានសពសម្បុរខ្មៅស្រអែមមាឌល្មម សក់ស្លូត កំពស់ ១,៦២ ម៉ែត្រ ស្នាក់នៅរោងមាត់លូ (កន្លែងកើតហេតុ) ។
យោងតាមការឆ្លើយបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ ឈ្មោះ ឈុន ឆាង ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរលក់ផ្លែដូង ទីលំនៅ ភូមិផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ រូបគាត់កំពុងអង្គុយលក់ ផ្លែដូង ស្រាប់តែជនរងគ្រោះបានដើរមកក្បែរ រួចនិយាយប្រាប់ គាត់ថាមិនស្រួលខ្លួន មានអការវិលមុខ រួចក៏ដើរទៅដេក នៅ លើគំរបលូក្បែររទេះសំរាម មួយសន្ទុះក្រោយមកឈ្មោះ ឈុន ឆាង ក៏ដើរទៅមើលឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
ក្រោយកើតហេតុកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសព រួចបានបញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារគាំងបេះដូង ពិតប្រាកដមែន ។
បច្ចុប្បន្នសាកសព ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ យកធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី