ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំ​កំពង់ហ្លួងថាមន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រីរដ្ឋបាល​ជលផល មិន​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ, ​បទល្មើស​នេសាទ​​កើតឡើង​ពេញបន្ទុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​កូនឈើ​តូចៗ​ដំ​សំបក​ និង​សម្រួច​គល់​រួចជាស្រេច​ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​ទូក​កាណូត​ចេញពី​ចំណុច​ក្បែរ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ តំបន់​មាត់ទឹក​ក្នុងភូមិ​ទី​៤ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កូនឈើ​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​បង្កើតជា​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា របាំង​សាច់​អួន​ក្រឡា​ញឹក របាំង​ស្បៃ​មុង របាំង​លប របាំង​ណ​រ៉ាវ ឧបករណ៍​ឆ្នុក និង​ឧបករណ៍​ខុសច្បាប់​ច្រើន​ប្រភេទ​ទៀត​ដែល​កំពុងតែ​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​បឹង​ទន្លេសាប​។ រហូតមកដល់​ពេលនេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រីរដ្ឋបាល​ជលផល មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ក៏ដូចជា​បទល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។

លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ និង​បទបញ្ជា​លេខ​០០១ របស់​រាជរដ្ឋាភិបាល​នោះទេ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ និង​បទល្មើស​នេសាទ​កើតឡើង​កាន់តែខ្លាំង​។ ទន្ទឹមនឹងនេះ​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ ហើយ​ឈើ​តូចៗ​ជាច្រើន​ត្រូវបាន​គេ​យកទៅ​ផ្សំ​បង្កើតជា​ឧបករណ៍​នេសាទ​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​ឲ្យ​វិនាស​អន្តរាយ​។ ជាពិសេស​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ស្រុក​ក្រគរ ស្រុក​បាកាន និង​ស្រុក​កណ្ដៀង យ៉ាង​ក្រអឺតក្រទម​បំផុត​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​កត់សម្គាល់ថា បច្ចុប្បន្ន​បទល្មើស​បំផ្លាញ​ព្រៃឈើ​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាមួយគ្នានេះ​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ក្រគរ ស្រុក​បាកាន និង​ស្រុក​កណ្ដៀង បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ និង​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​ទាំង​៣ ជាប់​បឹង​ទន្លេសាប​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងខណៈដែល​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ នាពេល​បច្ចុប្បន្ននេះ​៕


ចែករំលែក៖