ខេត្តពោធិ៍សាត់៖ ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះកូនឈើតូចៗដំសំបក និងសម្រួចគល់រួចជាស្រេចត្រូវបានគេដឹកជញ្ជូនតាមទូកកាណូតចេញពីចំណុចក្បែរស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ តំបន់មាត់ទឹកក្នុងភូមិទី៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ។ ប្រភពបានឲ្យដឹងទៀតថា កូនឈើទាំងនោះត្រូវបានគេយកទៅបង្កើតជាឧបករណ៍នេសាទខុសច្បាប់ដូចជា របាំងសាច់អួនក្រឡាញឹក របាំងស្បៃមុង របាំងលប របាំងណរ៉ាវ ឧបករណ៍ឆ្នុក និងឧបករណ៍ខុសច្បាប់ច្រើនប្រភេទទៀតដែលកំពុងតែកើតឡើងយ៉ាងរាលដាលនៅក្នុងបឹងទន្លេសាប។ រហូតមកដល់ពេលនេះមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីរដ្ឋបាលជលផល មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ក៏ដូចជាបទល្មើសនេសាទដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកនោះទេ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើនិងបទល្មើសនេសាទឲ្យស្របទៅតាមបទបញ្ជាលេខ០០២ និងបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលនោះទេ ហើយបណ្ដោយឲ្យបទល្មើសព្រៃឈើ និងបទល្មើសនេសាទកើតឡើងកាន់តែខ្លាំង។ ទន្ទឹមនឹងនេះលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ហើយឈើតូចៗជាច្រើនត្រូវបានគេយកទៅផ្សំបង្កើតជាឧបករណ៍នេសាទបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាបឲ្យវិនាសអន្តរាយ។ ជាពិសេសលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ កំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៅស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង យ៉ាងក្រអឺតក្រទមបំផុត។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានកត់សម្គាល់ថា បច្ចុប្បន្នបទល្មើសបំផ្លាញព្រៃឈើកំពុងកើតឡើងយ៉ាងអនាធិបតេយ្យក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកឃុបឃិតឲ្យមានបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ជាមួយគ្នានេះនៅក្នុងតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងក្រុមមន្ត្រីរដ្ឋបាលជលផលប្រចាំស្រុកទាំង៣ ជាប់បឹងទន្លេសាប។ មជ្ឈដ្ឋាននានាបានលើកឡើងថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ គឺជាអ្នកទទួលខុសត្រូវធំជាងគេក្នុងខណៈដែលបទល្មើសបំផ្លាញព្រៃឈើនិងបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងក្នុងទឹកដីខេត្តពោធិ៍សាត់ នាពេលបច្ចុប្បន្ននេះ៕