ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ខណ្ឌចំការមន បានឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងករណីហិង្សាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខឃ្លាំងគ្មានលេខ ផ្លូវ២០៥កែងផ្លូវ ៣៥៤ ក្រុមទី២៥ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ហឿន នូច ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអូសរទេះបន្លែ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ ខែម ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជួយលក់បន្លែឲ្យគេ ស្នាក់នៅផ្ទះជួល ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (របួសចំចំហៀងក្បាលខាងស្តាំ) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរនៅលើផ្លូវព្រះមុន្នីរ៉េត លុះមកដល់មុខស្ថានីយប្រេងឲឥនន្ទៈកាល់តិច សង្កាត់ទួលស្វាយព្រៃ២ បញ្ច្រាសគ្នាជាមួយជនសង្ស័យដែលកំពុងអូសរទេះ តែពុំមានដឹកបន្លែទេ ។ ភ្លាមនោះជនសង្ស័យបាននិយាយដាក់ជនរងគ្រោះថា« ពួកឯងឈ្លើយៗម៉េស » ហើយជនរងគ្រោះបានឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សាប្រតាយប្រតប់គ្នាទៅវិញទៅមក ។ ភ្លាមនោះជនរងគ្រោះបានដកខ្សែក្រវ៉ាត់ ពីចង្កេះ វាយទៅលើជនសង្ស័យត្រូវចំទ្រូងមួយខ្សែក្រវ៉ាត់ ហើយជនសង្ស័យយករទេះអូសបន្លែ រុញបុកជនរងគ្រោះ តែបុកអត់ត្រូវ ។ ហើយជនរងគ្រោះបានស្ទុះទៅយកដែកទីបដែលគេទុកនៅលើរ៉ឺម៉កដឹកបន្លែក្បែរនោះបម្រុងវាយមកជនសង្ស័យ តែត្រូវអ្នកជិតខាងជួយឃាត់ ។
បន្ទាប់មកជនសង្ស័យបានដកខ្សែក្រវ៉ាត់ចេញពីចង្កេះវាយអ្នកជិតខាងជួយឃាត់បំបែកគ្នាចេញ និងបាននិយាយគ្នាសម្រួលបញ្ចប់រឿងឈប់ឈ្លោះគ្នា ហើយជនរងគ្រោះនិងជនសង្ស័យក៏ដើរចេញពីកន្លែងកើតហេតុ រៀងៗខ្លូនអស់ទៅ ។ លុះដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានរៀបចំអីវ៉ាន់ដាក់លើរ៉ឺម៉កដឹកជិះចេញតាមផ្លូវ ដើម្បីទៅផ្ទះ ពេលជិះមកដល់ម្តុំគេលក់អុសជិតបេឡានក្រុងរស្មីភ្នំពេញ ក៏ជួបជនសង្ស័យឈរនៅកែងផ្លូវ តែពុំឃើញមានកាន់ពូថៅទេ ភ្លាមនោះជនរងគ្រោះជិះរ៉ឺម៉កគេច តែ
ជនសង្ស័យបានស្ទុះដេញតាម ព្រមទាំងយកដកពូថៅពីចង្កេះកាប់ត្រូវជនរងគ្រោះចំក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំមួយពូថៅ បណ្តាលឲ្យបែកហូរឈាមប្រឡាក់ពេញខ្លួនរហូតដល់សន្លប់ស្តូកស្តឹង ។ ក្រោយមកជនសង្ស័យបានរត់ចេញពីកន្លែងកើតហេតុ ដោយបានបោះពីថៅចោលរត់មកលាក់ខ្លួននៅផ្ទះគេដាំបាយលក់ នៅចំហៀងការ៉ាស់សាំងកាល់តិច ស្របពេលសមត្ថកិច្ចកំពុងល្បាតបានឃើញក៏ឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕ ស រស្មី