ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដើររកទិញម្ហូបម្នាក់ បានកូនមួយដោយមិនបាច់ខំប្រឹង

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ បានយកកូនដែលទើបនឹងកើតបាន៥ថ្ងៃ ទៅផ្ញើនឹងស្រ្តីម្នាក់ជាអ្នកដើររកទិញម្ហូប ហើយប្រាប់ថាទៅរកទិញមួកមួយភ្លេត អស់រយះពេល១ម៉ោង ចាំបាត់ៗ ទើបឆោឡោបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅមុខរោងចក្របឺរី ផ្លូវទំនប់កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋនៅកន្លែងកើតហេតុ បានអះអាងថា មុនភ្ញាក់ផ្អើល ស្រ្តីវ័យក្មេង មានអាយុក្រោម២០ឆ្នាំ បានបីកូនទើបកើត មកចូលកន្លែង លក់ដូរ មុខរោងចក្របឺរី ហើយមិនដឹងថា យ៉ាងដូចម្តេច ឬមានបញ្ហាអ្វី បែរជាយកទារកដែលទើបនឹងកើត ទៅផ្ញើស្រ្តីម្នាក់ដែលកំពុងដើររកទិញម្ហូប ឲ្យជួយពរ មើល ផង ដោយប្រាប់ថា ទៅរកទិញមួកមួយភ្លែត ហើយស្ត្រីនោះ បែរជាម្តាយទារកនោះ គេចខ្លួនបាត់រហូត ។

តាមស្រ្តីឈ្មោះ ឱម ពៅ អាយុ៣៨ឆ្នាំ មានប្តីឈ្មោះ ឡូយ ភួន អាយុ៣៧ឆ្នាំ មុខរបររត់ឌុប ស្នាក់នៅផ្ទះជួលទល់មុខ កន្លែងកើតហេតុ តែក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា គាត់ទើបកូនខ្ចីលើកទីមួយ បាន១៧ថ្ងៃហើយ បានកូនស្រី ហើយមុនកើតហេតុ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ គាត់បានមករកទិញម្ហូប ខណៈដែលដើរមកដល់កន្លែងលក់ត្រី ក៏ជួបស្រ្តីវ័យក្មេងម្នាក់ អាយុ១៧-១៨ឆ្នាំតែប៉ុណ្ណោះ បីកូន មកនិយាយពឹងឲ្យជួយ បីកូនឲ្យគាត់បន្តិច ស្រ្តីវ័យក្មេងរូបនោះក៏បានបញ្ជាក់ដែរថា គេទើបសម្រាលកូនបាន៥ថ្ងៃទេ គាត់ទៅរកទិញមួកមួយភ្លែតទេ គ្រាន់តែហុចទារកខាងលើឲ្យជួយបីហើយ ក៏ដើរទៅបាត់ ដោយយល់ឃើញថា ម្តាយក្មេងទៅរកទិញមួក ហើយជាស្រ្តីដូចគ្នា ចេះយកអាសារគ្នា កូនខ្ចីដូចគ្នា មានទាំងសម្ភារ កំប៉ុងទឹកដោះគោផង មួយថង់ដៃយួរ សុខចិត្តទៅអង្គុយបីកូនតូច មើលជូនស្រ្តីវ័យក្មេង លើគ្រែ លក់ដូរ ដែលទំនេរ ក្បែរនោះ ដោយចាំបាត់ៗ អស់រយៈពេល១ម៉ោងទៅហើយ នៅម៉ោង៦គត់ មិនឃើញម្តាយទារករូបនេះវិលមក យកកូនវិញសោះ មិនអស់ចិត្ត ដើរទៅអើតមើលកន្លែងលក់មួក តែមិនឃើញ ទើបនាំគ្នាឆោឡោ ផ្អើលទាំងសន្តិសុខ ទាំងប៉ូលីសមូលដ្ឋានចុះទៅសាកសួរដល់កន្លែងកើតហេតុ ក៏រកម្តាយក្មេងមិនឃើញ មិនដឹងថា មានចេតនាយកមកបន្លំលេស ប្លុងចោល ឬយ៉ាងណា ។

ដោយចាំម្តាយទារក ខាងលើយូរពេក ទ្រាំលែងបាន ម្យ៉ាងអាណិតក្មេងផង សមត្ថកិច្ច ហៅនាំស្រ្តីទទួលបញ្ញើទារករូបនេះ ទៅសាកសួរនៅប៉ុស្តិ៍ និងអនុញ្ញាតឲ្យយកទារកម្នាក់នេះ ជួយបីបាច់រក្សាជាបណ្តោះអាសន្ន ជៀសវាងម្តាយក្មេងវិលវិញ កើតមានបញ្ហាចោទប្រកាន់ដោយប្រការណាមួយ ៕ សុខាសែនជ័យ


ចែករំលែក៖