ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាបនាផ្លូវបេតុង១ខ្សែ និងចែកអំណោយជូនប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា និង សង្កាត់ព្រែកថ្មី

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុង១ខ្សែមានប្រវែងជាង១០០០ម៉ែត្រ ដែលក្រុមហ៊ុនឈ្នះការដេញថ្លៃនាពេលកន្លងមក ពេលនេះចាប់ផ្តើមបើកការដ្ឋានស្ថាបនាហើយ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក្រោមវត្តមានលោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋសិស្សានុសិស្ស ជាង៣០០នាក់ ។

តាមរបាយការណ៍របស់លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបង្ហាញថា ផ្លូវបេតុង១ខ្សែនេះ មានប្រវែង១៦២៦ម៉ែត្រ ទទឹង៣ម៉ែត្រ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៨ ។

ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះដែរ លោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌបានមានមតិសំណេះសំណាលនិងផ្តាំផ្ញើរដូច្នេះថា នេះជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងសង្កាត់ព្រែកថ្មីដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋ ។ ស្របពេល ដែលក្រុមហ៊ុនឈ្នះការដេញថ្លៃបានសិទ្ធស្ថាបនាផ្លូវបេតុង១ខ្សែនេះសូមបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋានអមសង្ខាងផ្លូវកំពុងស្ថាបនាសូមបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារនិងចូលរួមតាមដានការអនុវត្តន៍គម្រោងដើម្បីជំរុញអោយក្រុមការងាបច្ចេកទេសស្ថាបនាស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។

លោកអភិបាលរងបន្តថា ប្រជាពលរដ្ឋជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល ។ ដោយឡែកមន្ត្រីជំនាញ និងម្ចាស់គម្រោងត្រូវរួមគ្នាស្ថាបនាផ្លូវបេតុង១ខ្សែនេះ ប្រកបទៅដោយគុណភាព ទុកប្រើប្រាស់រយៈពេលយូរ និយាយរួមត្រូវស្ថាបនាទៅតាមគម្រោង និងកិច្ចសន្យា ដែលមានស្រាប់ ។

ដោយឡែនៅថ្ងៃនេះដែរ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា​ អភិបាលខណ្ឌ​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក ចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៣២០គ្រួសារ ក្នុងបរិវេណប្រាសាទវាល៣ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ៕ សណ្តោស


ចែករំលែក៖