ខេត្តស្វាយរៀង៖ ផ្ទះបាយមួយខ្នង ដែលមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងសង្កសី ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងមិនអាចពន្លត់ទាន់ពេល ខណៈដែលម្ចាស់ផ្ទះរម្ងាស់ទឹកត្រី និងស្ងោស៊ុប ហើយដើរចោលភ្លេចខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាល ក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះបាល់ សារ៉ាន ភេទស្រី អាយុ60ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពបន្តថា ការឆេះនេះ ក៏បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់មានឈ្មោះ ជា ទាប អាយុ៨៦ឆ្នាំ ត្រូវម្តាយរបស់ម្ចាស់ផ្ទះ របួសស្រាល ។
ចំពោះសម្ភារ និងទ្រព្យសម្បត្តិ ដែលខូចខាតរួមមានទូដាក់ចានចំនួន២ ធ្វើពីដែក អង្ករចំនួន១០តៅ និងរបស់របរមួយចំនួន ។
តាមម្ចាស់ផ្ទះបានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុ គាត់បានរម្ងាស់ទឹកត្រី និងស្ងោស៊ុប ទុកហូបនៅក្នុងផ្ទះបាយ ហើយក៏ដើរចេញក្រៅទៅលេងផ្ទះអ្នកភូមិរបងជាមួយ ប្រមាណ១៥នាទី ស្រាប់តែមានក្មេងរត់មកប្រាប់ថា មានភ្លើងឆេះផ្ទះហើយ ទើបគាត់ប្រញាប់ប្រញាលរត់ទៅជួយ និងហៅសមត្ថកិច្ចមកអន្តរាគមន៍ ជួយបាញ់ពន្លត់ ប៉ុន្តែហួសពេលទៅហើយបានត្រឹមតែឈរសម្រក់ទឹកភ្នែក ៕ យឹម សុថាន