ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំនៅវិមាន ឈ្នះ=ឈ្នះ ៣យប់ ៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងពីលើវេទិកាក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ប្រកាសថា កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំរយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ នេះ នៅវិមានឈ្នះ=ឈ្នះ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាតាមនយោបាយឈ្នះ=ឈ្នះ ដោយទទួលបានឯកភាពទឹក ដីជាលើកដំបូង ។

ការលើកឡើងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចតេជោ ហ៊ុន សែន បានបន្ត ចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិតជាង៦.៧០០នាក់មកពីរោង ចក្រសហគ្រាសចំនួន៤នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងធ្វើបុណ្យ៣យប់៣ថ្ងៃនៅវិមាន ឈ្នះ=ឈ្នះ ថ្ងៃទី២៩-៣០-៣១ ឆ្លងឆ្នាំយើង រួមគ្នាមកឆ្លងឆ្នាំបាញ់កាំជ្រួចឆ្លងឆ្នាំ២០១៨ ចូល២០១៩ នៅវិមានឈ្នះ=ឈ្នះ របស់យើង ខួបលើកទី២០នៃថ្ងៃដែលយើងបញ្ចប់ សង្គ្រាមតាមរយៈនយោបាយ ឈ្នះ=ឈ្នះ»។

ជាមួយគ្នានេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសអញ្ជើញបងប្អូន ប្រជាពលរដ្ឋខ្មែរ អញ្ជើញចូលរួមក្នុងកម្មវិធីឆ្លងឆ្នាំនៅវិមានឈ្នះ=ឈ្នះឲ្យបានច្រើនកុះករផងដែរ។ នេះជាថ្ងៃដែលសម្តេចព្រមទាំង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត បានលះបង់គ្រប់បែបយ៉ាងដើម្បីនាំមកនូវសន្តិភាព ស្ថិរភាពពេញលេញជូន ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្តេចនឹងបើកឱ្យពលរដ្ឋខ្មែរទាំងអសចូលរាំកម្សាន្តទាំងថ្ងៃទាំងយប់ផងដែរ ។

ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីកម្ពុជាដ៏ មានប្រជាប្រិយភាពរូបនេះបានបន្ថែមទៀតថានយោបាយឈ្នះ=ឈ្នះនេះហើយដែល ធ្វើឱ្យប្រទេសកម្ពុជារបស់យើងទទួលបាននូវសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនហើយតាមរយៈនៃសន្តិភាពដែលយើងរកបានដោយលំបាកតាមរយៈនយោបាយ ឈ្នះ=ឈ្នះ នេះបាននាំមកនូវការអភិវឌ្ឍទាំងសេដ្ឋកិច្ចសង្គមការកាត់បន្ថយភាពក្រីក្រ ជាពិសេសមិនបណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់​ ដោយសារភ្លើងសង្គ្រាមដូចអតីតកាលទៀតនោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា ភាពជោគជ័យដែលនាំឱ្យមានការបញ្ចប់ សង្រ្គាមស៊ីវិលតាមរយៈនយោបាយ ឈ្នះ=ឈ្នះ នៅកម្ពុជាមិនអាចកើតឡើង បានឡើយបើគ្មានការគាំទ្ររបស់ជីដូន ជីតា និងឪពុកម្តាយរបស់ក្មួយៗ កម្មករ-កម្មការិនី ។

សូមជម្រាប វិមានឈ្នះ=ឈ្នះ ដែលជា និមិត្តរូប នៃសុខសន្តិភាពកម្ពុជានិងជាតឹងតាងលេចចេញពីនយោបាយឈ្នះ=ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយ ចង្វារាជធានីភ្នំពេញគ្រោងសម្ពោធជាផ្លូវការដ៏ធំនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួប២០ឆ្នាំនៃគោលនយោបាយឈ្នះ=ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

វិមានឈ្នះ=ឈ្នះនេះ បានចាប់ផ្តើមសាង សង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិកតាស្ថិតនៅខណ្ឌជ្រោយ ចង្វាររាជធានីភ្នំពេញ។ ការសាងសង់វិមាន ឈ្នះ= ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូប ការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ។ ម្យ៉ាងទៀតវិមាននេះក៏ជានិមិត្ត រូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជា ច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់ កូនចៅជំនាន់ក្រោយផងដែរ ៕ ហេង សូរិយា


ចែករំលែក៖