ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនភាសាកូរ៉េម្នាក់បើកឡានបុកសិស្សសាលាមិនទទួលខុសត្រូវ បើករត់គេច ប្រើចរិកក្អេងក្អាងដាក់សមត្ថកិច្ចទៀត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានបុរសម្នាក់និយាយក្អេងក្អាងឡូឡា កាយវិការច្រង៉េងច្រង៉ាងជាមួយនឹងសមត្ថកិច្ច ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុក សិស្សសាលា បណ្តាលឲ្យរងរបួសចំនួន៣នាក់ កើតឡើងនៅវេលាម៉ោង១០និង៥៩នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចហាងខារាអូខេអេសអេក ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលបានប្រាប់ឲ្យដឹងថា បុរសដែលក្អេងក្អាងដាក់សមត្ថកិច្ចនេះ មានឈ្មោះ គឹម តុលា អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាគ្រូបង្រៀនភាសាកូរ៉េ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនងបង្ក បានជិះរថយន្តរបស់ខ្លួន ម៉ាក ឡិចសិស ៣៣០ ពាក់ស្លាកលេខ ភ្នំពេញ ២AN-៦០៤៨ ម៉ូតូរបស់សិស្សសាលាបណ្តាលឲ្យក្មេងស្រីសិស្សចំនួន៣នាក់ រងរបួសស្រាល ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត ក៏បន្តដំណើរទៅមុខទៀត ដោយមិនព្រមទទួលខុសត្រូវ គឺបើករថយន្តទៅទីតាំងផ្ទះជួលរបស់ខ្លួនបំរុងគេច ពីការទទួលខុសត្រូវ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកអន្តរាគមន៍ប៉ុន្តែ បានហៅជនបង្ក ឲ្យមកដោះសា្រយជាមួយជនរងគ្រោះ ប៉ុន្តែពេលនោះជនបង្ក រឹងទទឹងមិនចេញមកជួបសមត្ថកិច្ចនោះឡើយ ហើយថែមទាំងប្រកែកថា ខ្លួនមិនបាន បើករថយន្តបុកក្មេងសិស្សសាលាទាំង៣នាក់នោះទេ ។

បន្ទាប់ពីប្រើអស់នីតិវិធី ជនបង្កមិនមកដោះស្រាយជាមួយជនរងគ្រោះ សមត្ថកិច្ច ក៏សម្រេចិត្ត បង្ខំឲ្យម្ចាស់រថយន្ត យករថយន្តរបស់ខ្លួនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយគ្នា ប៉ុន្តែពេលនោះម្ចាស់រថយន្តជាជនបង្ក នៅតែមិនព្រមយកឡានទៅទៀត សមត្ថកិច្ច ក៏សម្រេចចិត្តយក រថយន្តរបស់ជនបង្ក ទៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ។

ចំណែកជនបង្ក បានសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង តាមក្រោយដើម្បីដោះស្រាយជាមួយជនរងគ្រោះ ជាសិស្សសាលាផងដែរ ៕ ចន្ថា


ចែករំលែក៖