តាមការិយាល័យរដ្ឋអាជ្ញាទួរគីបាន បញ្ជាក់ថា អ្នកសារព័ត៌មាន Jamal Khashoggi ត្រូវគេរឹត.កពេលឈានជើងចូលដល់ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតក្នុងទីក្រុងអុីស្តង់ប៊ុល ហើយសាកសពរបស់លោកត្រូវបានកាត់ជាច្រើនកំណាត់ដើម្បីបំបាត់ភស្តុតាង។
អ្នកសារព័ត៌មាន Jamal Khashoggi បានបាត់ខ្លួនពេលចូលទៅកាន់ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី២ ខែតុលា។ ប៉ុន្តែអារ៉ាប៊ីសាអ៊ូឌីតបានច្រានចោលការចោទប្រកាន់ខាងលើ ប៉ុន្តែក្រោយមកក៏ បានសារភាពទទួលស្គាល់ថា អ្នកសារព័ត៌មានខាងលើបានស្លាប់នៅក្នុងស្ថានទូតដោយសារតែមានការឈ្លោះប្រកែកគ្នារហូត ឈានដល់អំពើហិង្សាបណ្តាលឲ្យស្លាប់។
នៅពេលនេះ ប្រធានការិយាល័យរដ្ឋអាជ្ញាទីក្រុងអុីស្តង់ប៊ុលលោក Irfan Fidan បានចេញសេចក្តីប្រកាសថា លទ្ធផលនៃការស្រាវជ្រាវបង្ហាញឲ្យឃើញថា អ្នកសារ ព័ត៌មាន Jamal Khashoggi ត្រូវគេរឹត.ក រហូតដល់ស្លាប់ពេលឈានជើងចូលដល់ស្ថានទូតភ្លាម ហើយសាកសពត្រូវបាន បំបែកជាច្រើនកំណាត់ដើម្បីបំផ្លាញភស្តុតាង។
ការប្រកាសខាងលើរបស់ទួរគីកើត ឡើងក្រោយពេលដែលទួរគីចោទប្រកាន់ប្រធានព្រះរាជអាជ្ញា អារ៉ាប៊ីសាអ៊ូឌីត មិនព្រមសហការជាមួយទួរគីក្នុងការស្រាវ ជ្រាវ។
កន្លងមករដ្ឋាភិបាលទួរគីបានស្នើឲ្យ បញ្ជូនជនសង្ស័យនៅក្នុងការសម្លាប់អ្នកសារព័ត៌មានមកប្រទេសទួរគីដើម្បីបើក ការស្រាវជ្រាវសួរនាំ ដោយការស្រាវជ្រាវស្ថិតនៅក្នុងដែនសមត្ថកិច្ចប្រទេសទួរគី។
កាលពីថ្ងៃទី៣០ ខែតុលា ប្រធានាធិបតី ទួរគី លោក Tayipp Erdogan បានស្នើ ដល់ភាគីអារ៉ាបីសាអ៊ូឌីត ប្រកាសអត្ត សញ្ញាណអ្នកដែលចេញបញ្ជាឲ្យក្រុម(ឃាតក) ទៅកាន់អុីស្តង់ប៊ូលដើម្បីសម្លាប់អ្នកសារព័ត៌មានខាងលើ។
ការសម្លាប់អ្នកសារព័ត៌មានខាងលើធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនរវាង អាមេរិក នឹងអារ៉ាប៊ីសាអ៊ូឌីត ដោយសារ តែទីក្រុងរីយ៉ាដ ជាអតិថិជនទិញអាវុធពី អាមេរិក មានទឹកប្រាក់រាប់សិបពាន់លាន ដុល្លារ ហើយជាសម្ពន្ធមិត្តសំខាន់នៅក្នុង តំបន់មជ្ឈិមបូព៌ា៕ ម៉ែវ សាធី