ភ្នំពេញ៖ សំណង់ផ្សារច្បាអំពៅដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ កន្លងទៅ ឥឡូវនេះបានសាងសង់ជិតរួចរាល់ហើយ បើតាមការវាយតម្លៃក្រៅផ្លូវការបានប្រហែលជា៦០ទៅ ៧០ភាគរយ នេះបើយោងតាមការប៉ាន់ស្មានរបស់លោកគួច ចំណាន ប្រធានគណៈកម្មការផ្សាច្បារអំពៅ ដោយឡែកចំពោះភាពយឺតយ៉ាវនៃការសាងសង់លោកមិនបានបញ្ជាក់ប្រាប់នោះឡើយ គ្រាន់តែប្រាប់ថានេះជាការងារបច្ចេកទេសខាងក្រុមហ៊ុនម៉ៅការសំណង់ ។
ពាក់ព័ន្ធការងារសាងសង់នេះដែរ លោកគួច ចំណាន ប្រធានគណៈកម្មការផ្សាច្បារអំពៅ បានបញ្ជាក់បន្ថែមថា តាមការប៉ាន់ស្មានក្រៅផ្លូវការមកដល់ថ្ងៃនេះការដ្ឋានសាងសង់ផ្សារច្បារអំពៅបានប្រមាណជា៧០ភាគរយហើយ នៅសល់តែការប្រក់ដំបូល ចាក់សាបខាងក្រោម និងរៀបចំប្រព័ន្ធលូ ចំពោះតូបដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះ ខាងម្ចាស់តូបជាអ្នកចំណាយក្នុងការសាងសង់សាជាថ្មី ដោយឡែកគ្រោងឆ្អឹងផ្សារ ដំបូលផ្សារ ប្រព័ន្ធលូ និងការរៀបចំខ្សែបណ្តាញចរន្តអគ្គិសនីនៅក្នុងផ្សារខាងសាលារាជធានីភ្នំពេញជាអ្នកចំណាយ ។
លោកប្រធានផ្សារបានរំលឹកថា ហេតុការគ្រោះអគ្គិភ័យដែលឆេះផ្សានេះកើតឡើងនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យឆេះតូបរបស់អជីវករចំនួនជាង៥០០តូប ក្នុងចំណោមតូបជាង១៤០០តូប ខូចខាតទ្រព្យសម្បត្តិអស់រាប់ម៉ឺងដុល្លារ ។ បន្ទាប់ពីជួបគ្រោះអគ្គិភ័យឯកឧត្តមអភិបាលរាជធានីភ្នំពេញបានចុះមកដល់ទីតាំងកើតហេតុដើម្បីពិនិត្យពីទំហំនៃការខូចខាត និងទទួលយកសំណូមពរមកពិចារណាដើម្បីដោះស្រាយជូនអាជីវករ ។ បន្ទាប់ពីទទួលបានសំណូមពររបស់អាជីវករ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើពិធីក្រុងពលីដើម្បីសាងសង់ផ្សារនិងតូបលក់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០១៨ គិតមកដល់ពេលនេះមានរយៈពេល៧ខែហើយ ។ ចំពោះការយឺតយ៉ាវក្នងការស្ថាបនាលោកប្រធានផ្សារមិនបានប្រាប់នោះទេ ។
ដោយឡែកលោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ថា តាមការកុងត្រារបស់ក្រុមហ៊ុននិងសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល៣ខែ តែឥឡូវនេះវាហួសកុងត្រា ចំពោះមូលហេតុនៃការយឺតយ៉ាវលោកមិនដឹងថា មកពីមូលហេតុអ្វីទេ….ដោយសារខាងក្រុមហ៊ុនដែលទទួលបានសិទ្ធសាងសង់មានហេតុផលផ្សេងៗ.,!
លោកអភិបាលរងខណ្ឌបានបន្តថា ផ្តើមចេញពីការសាងសង់មានភាពយឺតយ៉ាវនេះរដ្ឋបាលខណ្ឌបានធ្វើរបាយការណ៍ជូនទៅសាលារាជធានីភ្នំពេញហើយ ដើម្បីសុំការគោលការណ៍ ។ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញណែនាំនិងជំរុញឲ្យក្រុមហ៊ុនដែលកំពុងសាងសង់ផ្សារច្បារអំពៅត្រូវពន្លឿនការសាងសង់ឲ្យបានឆាប់ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអាជីវករដែលជាម្ចាស់តូបរងគ្រោះដោយអគ្គិភ័យបានរកស៊ីឡើងវិញ ៕ សណ្តោស