ព័ត៌មានទាន់ហេតុការណ៍៖

បើសង្គ្រាមមិនបញ្ចប់ទេគ្រោះអត់ឃ្លាននឹងសម្លាប់មនុស្សជាបន្តបន្ទាប់

ចែករំលែក៖

សង្គ្រាមនៅក្នុងប្រទេសយេមែន បាន ជំរុញឲ្យពលរដ្ឋធ្លាក់ក្នុងសភាពក្រីក្រអត់ ឃ្លានកាន់តែខ្លាំង ហើយអាចនឹងមានអ្នកស្លាប់កាន់តែច្រើនឡើងៗ ។ នៅពេលនេះ ដែរ លោកស្រី Florence Parly រដ្ឋមន្ត្រី ក្រសួងការពារជាតិបារាំង បានថ្លែងអំពាវ នាវ តាមកញ្ចក់ទូរទស្សន៍ថា វាដល់ពេល ហើយ ដែលសង្រ្គាមនៅយេមែន ត្រូវតែ បិទបញ្ចប់ ដើម្បីអនុញ្ញាតឲ្យ មានការដឹក ជំនួយមនុស្សធម៌ ទៅជួយជីវិតប្រជាជន យេមែន។ លោកស្រីលើកឡើងថា សង្រ្គាម យេមែន បានបង្កជាមហន្តរាយធ្ងន់ធ្ងរបំផុត ដល់ប្រជាជនយ៉េមែន ហើយលោកស្រីអះ អាងថា បារាំង ជាប្រទេសតែមួយគត់ ដែលបានប្រឹងស្វះស្វែងគ្រប់វិធី ដើម្បី អូសទាញឲ្យសង្រ្គាមនេះ ត្រូវតែដល់ពេល បិទបញ្ចប់។

វាដល់ពេលហើយ វាហួសពីដល់ពេល ទៅទៀត ដែលសង្រ្គាមនៅយេម៉ែន ត្រូវតែ បិទបញ្ចប់! វាជារឿងសំខាន់បំផុត ហើយ គឺជាអាទិភាពរបស់បារាំង ដែលត្រូវរកច្រក ចេញ ដើម្បីធ្វើយ៉ាងណា សម្រាលទុក្ខ លំបាករបស់ប្រជាជនយេមែន ដែលកំពុង តែវេទនាបំផុត។ នេះគឺជាប្រសាសន៍ របស់លោកស្រី Florence Parly រដ្ឋមន្ត្រី ក្រសួងការពារជាតិបារាំង ដែលថ្លែងក្នុង បទសម្ភាសន៍ តាមកញ្ចក់ទូរទស្សន៍ កាលពី ថ្ងៃអង្គារ ទី៣០ ខែតុលា។

សម្រាប់លោកស្រី ក៏ដូចជារដ្ឋាភិបាល បារាំង ស្ថានភាពនៅយេមែនបច្ចុប្បន្ននេះ គឺជាស្ថានភាពដ៏ដុនដាបបំផុត ដែលមិន អាចឲ្យគេអត់ទ្រាំមិនឈឺឆ្អាលបានទេ។ ជាងនេះទៅទៀត វាគឺជាស្ថានភាពដែល ទ័លច្រក មានតែការកាប់សម្លាប់ពុំមាន ច្រកចេញផ្នែកនយោបាយ។

លោកស្រីបាននិយាយបន្ថែមថា ដោយ ហេតុនេះហើយ បានជាលោកប្រធានាធិប តីម៉ាក្រុង បានប្រឹងប្រែង រៀបចំសន្និសីទ នៅទីក្រុងប៉ារីស ស្តីពីការស្វែងរកសន្តិភាព នៅ យេមែន។ មានតែបារាំងម្នាក់គត់ ដែលបានចេញមុខ ចាត់ចែងរឿងនេះ ហើយដែលសន្និសីទនោះ ក៏មានការចូល រួម ពីសំណាក់ អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាត់ អារ៉ាប់រួមផងដែរ។

សូមបញ្ជាក់ថា ៣ឆ្នាំមកហើយ ដែល ស្ថានភាពនៅយេមែន កាន់តែដុនដាប បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចដឹកនាំទ័ពសម្ព័ន្ធអារ៉ាប់ ទៅទម្លាក់គ្រាប់បែក លើយេមែន។ អារ៉ាប៊ីសាអ៊ូឌីត អះអាងថា គ្រាប់បែកខ្លួន គឺសំដៅកម្ទេចទីតាំងរបស់ក្រុមឧទ្ទាមហ៊ូទីស ដែលបានទទួលការ ទំនុកបម្រុងពីអុីរ៉ង់។ ក៏ប៉ុន្តែយោងតាម របាយការណ៍ជាច្រើន អះអាងថា គ្រាប់ បែករបស់អារ៉ាប៊ីសាអូឌីត ត្រូវបានទម្លាក់ គ្រប់ទីប្រជុំជន ដោយឥតរើសមុខ។ មិន ត្រឹមតែប៉ុណ្ណោះ កងទ័ពអារ៉ាប៊ីសាអូឌីត បានឡោមព័ទ្ធយេមែន មិនឲ្យមានការនាំ ចូលទំនិញ ចំណីអាហារ ថ្នាំសង្កូវ និងប្រេង ឥន្ធនៈជាដើម។

ចោទសួរពីការដែលបារាំង លក់អាវុធ ទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានទទួលស្គាល់ថាបារាំង បានលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូ៊ឌីត ជា យូរមកហើយ។ ក៏ប៉ុន្តែ បើតាមលោកស្រី ដឹង គ្រឿងសព្វាវុធ ដែលបារាំងទើបតែ បានលក់និងប្រគល់ឲ្យអារ៉ាប៊ីសាអូ៊ឌីត នាពេលថ្មីៗនេះ គឺអារ៉ាប៊ីសាអូ៊ឌីត មិនបាន យកទៅប្រើ ក្នុងសង្រ្គាមនៅយេមែនទេ។

សូមរំលឹកថា សង្រ្គាមនៅយេមែន បានផ្តាច់ជីវិតមនុស្សប្រហែល១សែននាក់ ហើយបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ មនុស្សប្រហែល១៤លាន នាក់ទៀត ពោលគឺពាក់កណ្តាលប្រទេស កំពុងតែប្រឈមមុខនឹងគ្រោះទុរភិក្ស និង ជំងឺធ្ងន់ធ្ងរ។

គ្រោះអត់ឃ្លានត្រូវបានគេចាត់ទុកជា «គ្រាប់បែកបរមាណូពេលវេលា»ដោយ អាចសម្លាប់មនុស្សរាប់លាននាក់នៅលើ ពិភពលោក ដោយមិនបង្ហូរឈាម សម្លាប់ ដោយសន្សឹមៗ ។ នៅពេលនេះ ប្រទេសយេមែនកំពុងតែរងការវាយប្រហារដោយ «បរមាណូពេលវេលា» ដោយប្រឈមនឹងគ្រោះអត់ឃ្លានមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ ។

ពេលថ្មីៗនេះ អគ្គលេខាធិការរងអង្គការ សហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ របស់ អង្គការសហប្រជាជាតិ លោក Mark Low cokបានព្រមានថា ប្រទេសយេមែនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ មិនធ្លាប់ មានពី មុនមកក្នុងនោះគឺគ្រោះអត់ឃ្លាន ។

លោក Lowcokបញ្ជាក់ថា អាយុជីវិត មនុស្សជាច្រើនក្នុងប្រទេសនេះ កំពុងរង ការគំរាមកំហែង ដោយគ្រោះអត់ឃ្លាន ហើយមានពលរដ្ឋប្រមាណ១៤លាននាក់ ស្មើនឹងពាក់កណ្តាល នឹងត្រូវពឹងផ្អែកទៅ លើជំនួយមនុស្សធម៌ដើម្បីបន្តជីវិតរស់នៅ ។

លោក Mark Lowcokបន្តទៀត សង្គ្រាម ស៊ីវិលនៅក្នុងទីក្រុងកំពុងផែ Hodeida ដែលជាតំបន់ទទួលជំនួយមនុស្សធម៌ ស្បៀងអាហារ កំពង់តែគំរាមកំហែង ដល់ សកម្មភាពជួយសង្គ្រោះ ។ លោកបាន អំពាវនាវដល់ភាគីពាក់ព័ន្ធឈប់បាញ់គ្នានៅតំបន់ជុំវិញកំពង់ផែ ដើម្បីឲ្យនាវាដឹក ទំនិញអាចចូលចត និងដឹកជញ្ជូនទៅកាន់តំបន់រងគ្រោះបានឆាប់បំផុត ។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយការប្រកាស របស់លោក Mark Lowcokសម្ពន្ធមិត្ត អារ៉ាប់ ដឹកនាំដោយសាវឌីអារ៉ាប៊ី បាន បញ្ជូនក្រុមជំនួយក្នុងនោះមានទាំងរថក្រោះរថពាសដែក ទៅកាន់តំបន់កំពង់ផែដើម្បី ការពារ ។ បណ្តាមន្ត្រីយេមែនបានបញ្ជាក់ ថា កំពុងតែទប់ទល់នឹងការវាយប្រហារថ្មីៗទៀត ។

សង្គ្រាមបានរារាំងដល់សកម្មភាពដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់យេមែន ។ សូម្បីតែអង្គការសហប្រជាជាតិបានជំរុញសកម្មភាពផ្តល់ជំនួយដល់ពលរដ្ឋជាង៨លាននាក់ កំពុងខ្វះស្បៀងអាហារ ប៉ុន្តែ បុគ្គលិកមិនអាចចូលទៅដល់តំបន់រង គ្រោះ អត់ឃ្លាននោះឡើយ ។

នៅក្នុងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល Save the Chidrenបានបញ្ជាក់ ថា តម្លៃស្បៀងអាហារបានកើនឡើងខ្ពស់ទ្វេដងនៅប្រទេសនេះ ។ លោក Tamer Kirolosអគ្គនាយកអង្គការ Save the Chidrenប្រចាំនៅយេមែនបានឲ្យដឹងថា សេដ្ឋ កិច្ចប្រទេសនេះដួលរលំ គឺជាការ សម្លាប់ មនុស្សដោយស្ងប់ស្ងាត់ ។ ពលរដ្ឋ ត្រូវ ខិត ខំដើម្បីបន្តជីវិតរស់នៅ ។ ឪពុក ម្តាយបង្អត់អាហារដើម្បីផ្តល់អាហារដែលនៅសេសសល់តិចតួចទុកឲ្យកូន តូចៗ ។

សង្គ្រាមស៊ីវិលនៅយេមែនអូសបន្លាយ៣ឆ្នាំកន្លងមក រវាងកម្លាំងទាហានរដ្ឋាភិបាលជាមួយក្រុមឧទ្ទាម Houthi ដែលទទួល បានការគាំទ្រពីអុីរ៉ង់ គ្រប់គ្រង មួយផ្នែកនៃ ប្រទេសនេះ ក្នុងនោះមានទាំង រដ្ឋធានី Sana’a ។ ប្រទេសសាវឌីអារ៉ាប៊ី និងបណ្តា ប្រទេសអារ៉ាប់បានចូលរួមនៅ ក្នុងសង្គ្រាម នោះ ដោយជួយដល់កម្លាំង ទាហានរដ្ឋា ភិបាលយេមែន តាំងពីឆ្នាំ២០១៥ មក ធ្វើឲ្យសង្គ្រាមកាន់តែតានតឹង ។

ពលរដ្ឋស្លូតត្រង់បានក្លាយទៅជាជន រងគ្រោះនៅក្នុងវិបត្តិនយោបាយការវាយប្រហារ ។ តាមរបាយការណ៍មានពលរដ្ឋជាង១០ពាន់នាក់ស្លាប់ និងរាប់លាននាក់កំពុងតែត្រូវការជំនួយជាបន្ទាន់ពីសហគមន៍ អន្តរជាតិ៕ ម៉ែវ សាធី


ចែករំលែក៖