ព័ត៌មានទាន់ហេតុការណ៍៖

វត្តបុរាណជាច្រើន នៅក្រុងម៉ាដាឡេ ប្រទេសមីយ៉ាន់ម៉ា ដួលរំលំបាក់បែក ខណៈអ្នកស្លាប់កើនលើស ១០០០នាក់ និងរបួសច្រើនជាង ២០០០នាក់

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា ៖ វត្តបុរាណ មន្ទីរពេទ្យ ផ្ទះពលរដ្ឋ អគាររដ្ឋ និងអគារសាធារណៈ ជាច្រើន បានដួល និងបែកបាក់ ដោយសាររញ្ជួយដីកម្រិត ៧.៧ រិចទ័រកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ 

បើតាមការបញ្ជាក់របស់យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមព្រឹកថ្ងៃទី២៩ នេះ អ្នកស្លាប់នៅមីយ៉ាន់ម៉ា ដោយសាររញ្ជួយដី កើនលើស ១០០០នាក់ និងរបួសច្រើនជាង ២០០០នាក់។

ក្នុងនាមជាមនុស្សជាតិតែមួយ និងជាបងប្អូនសមាជិកASEAN កម្ពុជាសូមចូលរួមសោកស្តាយចំពោះ គ្រោះមហន្តរាយរញ្ជួយផែនដី ដ៏កាចសាហាវ នៅប្រទេសមីយ៉ាន់ម៉ា(ភូមា) និងប្រទេសថៃ នាពេលកន្លងទៅ។ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយថែរក្សាប្រទេសទាំងពីរ និងប្រជាជនទាំងអស់ មានសុខសុវត្ថិភាពបរិបូរណ៍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានលើកគើងថា ៖ ជាដំបូងខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា នៅរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖