ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិត៥២៣នាក់ស្នើសុំលើកលែងនិងបន្ធូរបន្ថយទោសក្នុងឱកាសពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ទណ្ឌិតចំនួន៥៣២នាក់ ត្រូវបានស្នើសុំមកគណៈកម្មការថ្នាក់ជាតិដើម្បីពិនិត្យសុំបន្ធូរបន្ថយនិងលើកលែងទោសសម្រាប់បុណ្យអុំទូក ។

លោក សុច សុផាន់ណារ៉ា អគ្គនាយក រងអគ្គនាយកដ្ឋាននៃកិច្ចការព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានឲ្យដឹងកាលពីរសៀល ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា នាទីស្តីការក្រសួងយុត្តិធម៌ថា គណៈកម្មការថ្នាក់ជាតិត្រួតពិនិត្យការបន្ធូរបន្ថយ និង លើកលែងទោស ដែលមានលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ជា ប្រធានបានបើកកិច្ចប្រជុំពិនិត្យលើសំណើសុំបន្ធូរបន្ថយទោសសម្រាប់ថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅពេលខាង មុខនេះ ។

លោក សុច សុផាន់ណារ៉ា បានឲ្យដឹងទៀតថាទណ្ឌិតដែលស្មើសមបន្ធូរបន្ថយទោសនិងលើកលែងទោសមានចំនួន ៥២៣នាក់ ក្នុងនោះស្រីមានចំនួន៣៧នាក់ មកពីពន្ធនាគារខេត្ត.ក្រុងចំនួន២៤និង មណ្ឌលអប់រំកែប្រែចំនួន៤ ។

លោកក៏បានឲ្យដឹងដែរថា ឆ្នាំនេះជាឆ្នាំ មួយប្រសើរណាស់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រសួងយុត្តិ ធម៌ពិនិត្យ ទៅពិធីបីបន្ថែមទៀតដើម្បីស្នើសុំលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិត ។

លោកបញ្ជាក់ថា ជាធម្មតាការលើក លែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិត មានតែនៅក្នុងពិធីបុណ្យធំៗចំនួន៣តែ ប៉ុណ្ណោះ ក្នុងនោះមានបុណ្យចូលឆ្នាំបុណ្យវិសាខបូជា និងបុណ្យអុំទូក។ ប៉ុន្តែពេលនេះសម្តេចតេជោបានស្នើសុំក្នុងពិធីបុណ្យ៣បន្ថែមទៀតគឺ ១. ភ្ជុំបិណ្ឌ២.បុណ្យឯក រាជ្យជាតិ និង៣.ទិវាឈ្នះ=ឈ្នះ២៩ធ្នូ ។

លោកបញ្ជាក់ទៀតថា «ការលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតបានពិនិត្យលើគោលការណ៍មនុស្សធម៌ ៖ ទី១-ទណ្ឌិត ណាដែលចាស់ជរាមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ទី២-ទណ្ឌិតដែលមាន ជំងឺធ្ងន់ធ្ងរប្រចាំខ្លួននៅក្នុងពន្ធនាគារ ទី៣-ទណ្ឌិតជាស្រ្តីដែលមានកូននៅក្នុងពន្ធនាគារ និង​ទី៤-ទណ្ឌិតដែលគោរពគោលការណ៍ច្បាប់ អនុវត្តទោសបាន២ភាគ៣បានលើកលែង ទោស និង១ភាគ៣ទទួលបានការបន្ធូរបន្ថយ ទោស»។

លោកបញ្ជាក់បន្ថែមថា ទោះបីជា ទណ្ឌិត ដែលបានដាក់ស្នើសុំមកមានលក្ខខណ្ឌគ្រប់គ្រាន់យ៉ាងណាក្តីក៏ត្រូវពិនិត្យឲ្យល្អិតល្អន់ទាក់ទង ទី១.ឯកសារមានសាល ក្រមសាលដីការស្ថាពរ ទី២ការកែប្រែខ្លួននៅក្នុងពន្ធនាគារ។ ផ្ទុយទៅវិញប្រសិនបើគណៈកម្មការថ្នាក់ជាតិពិនិត្យឃើញថា ទណ្ឌិតមិនបានរាងចាល ហើយអង្កេតក្នុងសំណុំរឿងមានការព្យសរកម្មសាយ៉ាវឬ ធ្ងន់ធ្ងរនោះគណៈកម្មការថ្នាក់ជាតិមិនពិនិត្យ សំណើនោះទេ។

ក្នុងករណីដែលទណ្ឌិតដែលត្រូវបានលើកលែងទោសរួចហើយបានប្រព្រឹត្តបទល្មើស ដែលជាបទល្មើសមិនរាងចាលនោះ នឹងមិនពិនិត្យនោះទេ។ ទណ្ឌិតដែលមិន រាងចាលនោះនឹងត្រូវអនុវត្តទោសជាបន្ត ទៀតតាមច្បាប់កំណត់។សម្រាប់ការស្នើសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិត មិនបានស្នើសុំមានចំនួនដូចគ្នានោះទេ ដោយខេត្តខ្លះមានចំនួន១០នាក់ ទៅ២០ នាក់ ដូច្នេះការស្នើសុំមិនដូចគ្នាទេ ។

លោកបញ្ជាក់ថា «គណៈកម្មការថ្នាក់ ជាតិបានពិនិត្យល្អិតល្អន់លើឯកសារ សាលក្រមសាលដីកានិងតារាងពីគណៈ កម្មការថ្នាក់ក្រោមជាតិរួមទាំងរបាយការណ៍ផ្ទាល់ខ្លួនរបស់ទណ្ឌិត»។

លោក អ៊ុច ពង្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបាន ឲ្យដឹងថា ទណ្ឌិតដែលជាប់ពន្ធនាគារនៅ ទូទាំងប្រទេសមានប្រមាណ៣១.២២៦ នាក់ ក្នុងនោះស្រី២.៦៦៣នាក់។ បច្ចុប្បន្ន នេះទណ្ឌិតដែលកំពុងជាប់ពន្ធនាគារបាននិងកំពុងតែកើតមានប៉ុន្តែខាងពន្ធនាគារ កំពុងតែដោះស្រាយជាបន្តបន្ទាប់ ៕ ហេង សូរិយា


ចែករំលែក៖