ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំដើមប្ញសស្រុកកណ្តាលស្ទឹងព្រួយបារម្ភអនាគតស្ទឹងព្រែកត្នោតខណៈឈ្មួញកំពុងចាក់ដីលុប

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅភូមិអន្លង់ឫស្សី ឃុំ ដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះខ្លាចដីបាក់ដល់ផ្ទះរបស់ពួកគាត់ បន្ទាប់ពីក្រុមឈ្មួញបានចាក់ដីលុបស្ទឹងព្រែកត្នោត ជិតពាក់កណ្តាលស្ទឹង។

ប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្រុមឈ្មួញបានចាក់ដីចូលស្ទឹងព្រែកត្នោតស្ថិតនៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា ក្រុមឈ្មួញបាន ចាក់ដីចូលស្ទឹងជាយូរមកហើយមិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធណាចុះមកពិនិត្យឬហាមឃាត់ឡើយ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅភូមិអន្លង់ឫស្សី មានការព្រួយបារម្ភខ្លាំងក្នុងរដូវទឹកឡើង ព្រោះការចាក់ចូលស្ទឹង បែបនេះធ្វើឲ្យដីច្រាំងស្ទឹងបាក់ខ្លាំងអាច នឹងដល់ផ្ទះរបស់ពួកគាត់។ ការចាក់ដីចូលស្ទឹងធ្វើឲ្យស្ទឹងរួមតូចបាត់បង់សោភណភាពនិងជាពិសេសទៀតនោះគឺក្រុមឈ្មួញ រំលោភយកសម្បត្តិធម្មជាតិ យកមកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន ។

លោក ម៉ៅ ភិរុណ អភិបាលខេត្ត កណ្តាលបានឲ្យដឹងនៅព្រឹកថ្ងៃព្រសហ្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៨ថា “ឲ្យសួរទៅខាងស្រុកព្រោះលោកក្តាប់មិនបានទេ”។

ពាក់ព័ន្ធករណីចាក់ដីចូលស្ទឹងព្រែកត្នោតលោក នីន និរតី អភិបាលស្រុកណ្តាលស្ទឹងបានឲ្យដឹងនៅព្រឹកថ្ងៃព្រសហ្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ថា “ដំណោះស្រាយបែបណាអាហ្នឹងគេចាក់នៅលើអ្នកណាថាចូល អាហ្នឹងដីកម្មសិទ្ធិគេតើគេមានប្លង់រឹងច្បាស់លាស់របស់គេ ប្លង់រឹងរបស់គេព្រំប្រទល់ប្លង់ រឹងរបស់គេចុះទៅមុនចុះសួរនាំគេមុនផង មុនចុះ អាហ្នឹងព្រោះអ៊ីទេះអានេះព្រោះគេ នៅកម្មសិទ្ធិដីរបស់គេហើយខ្ញុំបានឲ្យភូមិបាលទៅត្រួតពិនិត្យរួចហើយ គេវាស់មើល ចាក់ជីភីអេស(GPS)រួចរាល់ហើយត្រឹម ត្រូវគឺដីរបស់គេ ហើយប្រជាពលរដ្ឋកុំនិយាយ ប្រជាពលរដ្ឋទូទៅ ប្រជាពលរដ្ឋនៅខាង កណ្តាលស្ទឹងទេ ប្រជាពលរដ្ឋនៅខាងអង្គស្នួលគេដឹងព្រំដីរបស់គេ ដូនតាគេម៉េច ត្រឹមណាត្រឹមណីអីហើយមានដើមច្រាំងស្ទឹងមានគល់ត្នោតតម្រុយរបស់គេមាន ទាំងអស់”។

ប្រជាពលរដ្ឋបានបន្តទៀតថា ដងស្ទឹងព្រែកត្នោតត្រូវបានប្រជាពលរដ្ឋយកទឹកស្ទឹងនោះប្រើប្រាស់ សម្រាប់ស្រោចស្រពដំណាំស្រូវនារដូវវស្សា និងរដូវប្រាំងផង ដែរបែរជាក្រុមឈ្មួញចាក់ដីចូលស្ទឹងដោយអាជ្ញាធរខេត្ត មើលមិនឃើញទើបក្រុមឈ្មួញចាក់ដីចូលស្ទឹងបានយ៉ាងរលូន។

ហេតុនេះហើយប្រជាពលរដ្ឋនិងមន្ត្រី រាជការមួយចំនួនដែលរស់នៅស្របមាត់ស្ទឹងព្រែកត្នោត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លង់ឫស្សី ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំ ទៅក្រសួងជំនាញពាក់ព័ន្ធជាពិសេសនោះ លោកអភិបាលខេត្ត មេត្តាពិនិត្យមើល នៅចំណុចដីចំណីស្ទឹងព្រែកត្នោតនេះ ជាបន្ទាន់ផង ៕ ស្អាងជ័យ


ចែករំលែក៖