ភ្នំពេញ ៖ កម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវ កម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកប្រតិបត្តិការឡោមព័ទ្ធផ្ទះមួយកន្លែងហើយឈានទៅដល់ការចាប់ជនសង្ស័យម្នាក់ ដែលបក្ខពួកប៉ុនប៉ងបំផ្ទុះភេរវកម្មប្រឆាំងរាជរដ្ឋាភិបាល។ ប្រតិបត្តិការដ៏ក្តៅគគុកនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃព្រសហ្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតត្រង់ចំណុច ផ្ទះលេខ១៨៤A ផ្លូវលេខ៦៩R ក្នុងភូមិ ចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍ សែនជ័យ ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉េង រ៉ា អាយុ៤៨ឆ្នាំ ជាអ្នកធ្វើការនិងចាំដីឲ្យគេនៅម្តុំពេជ្រនិល គឺជាបក្ខពួកនៃក្រុមចង់បំផ្ទុះភេរវកម្ម ក្នុងចំណោមបក្ខពួកសរុបចំនួន៨នាក់។ ជននេះត្រូវបានចាប់ខ្លួនតាមដីកា របស់តុលាការ និងធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ស្នងការនគរបាលរាជធានីភ្នំពេញលោក ឧត្តមសេនីយ៍ឯក ស ថេត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅ កាន់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅកម្លាំងនគរបាលនាយក ដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានតាមចាប់ខ្លួនមេខ្លោងម្នាក់ពាក់ព័ន្ធទៅនឹងមនុស្សប្រុស-ស្រី៨នាក់ ដែលមានអតីត សង្ឃ១អង្គផងនោះនៅខេត្តព្រះវិហារ។ ជនសង្ស័យរូបនោះមាន ឈ្មោះ ក្រូច ដែល ការចាប់ខ្លួនឈ្មោះនេះ សមត្ថកិច្ចបានដកហូតអាវុធមានវែងមានខ្លីនិងមានគ្រឿង រំសេវជាឧបករណ៍ដាក់បំផ្ទុះទៀតផង ។
ការបង្ក្រាបពេលនោះ កម្លាំងនគរបាល បានដកហូតកាំភ្លើងចំនួន២៨ដើមហើយក្រុមទាំងនេះ ត្រូវបានតុលាការចេញដីកាដាក់ពន្ធនាគារជាបណ្តោះអាសន្នរួចហើយ៕ ហេង សូរិយា