អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance បានចោទប្រកាន់ដាណឺម៉ាកថាមិនបានធ្វើការងារល្អក្នុងការការពារកោះស្វយ័តហ្គ្រីនលែន ហើយបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការងារប្រសើរជាងនេះ។យោងតាមកាសែត Guardian និង CNN ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅ Pituffik ភាគខាងជើងនៃ Greenland កាលពីថ្ងៃទី 28 ខែមីនា លោក Vance បានប្រកាសថាសហរដ្ឋអាមេរិកមិនមានគម្រោងពង្រីកវត្តមានយោធាភ្លាមៗនៅទីនេះទេ ប៉ុន្តែនឹងវិនិយោគលើធនធានរួមទាំងនាវាកងទ័ពជើងទឹកផងដែរ។
អនុប្រធានាធិបតីអាមេរិកបានសន្យាគោរពអធិបតេយ្យភាពរបស់ហ្គ្រីនលែន ប៉ុន្តែក៏បានស្នើថាកោះអាកទិកនឹងឃើញអត្ថប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយវ៉ាស៊ីនតោន។
លោក Vance បាននិយាយថា “តាមទស្សនៈរបស់ខ្ញុំ ដាណឺម៉ាកបានបរាជ័យក្នុងការរក្សា និងមិនបានលះបង់ធនធានដែលចាំបាច់ដើម្បីរក្សាមូលដ្ឋាននេះ និងរក្សាប្រជាជន Greenland ឱ្យមានសុវត្ថិភាពពីការទន្ទ្រានពីប្រជាជាតិដទៃទៀត” ។ មន្ត្រីរូបនេះក៏បានអំពាវនាវឱ្យ Greenlanders ផ្តាច់ទំនាក់ទំនងជាមួយប្រទេសដាណឺម៉ាក ដែលបានគ្រប់គ្រងកោះនេះអស់រយៈពេលជាង 300 ឆ្នាំមកហើយ។
យោងតាមការស្ទង់មតិកាលពីខែមករា ភាគច្រើននៃ Greenlanders ប្រឆាំងនឹងគំនិតនៃការបញ្ចូលដោយសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីថ្មីរបស់ Greenland លោក Jens-Frederik Nielsen បានពណ៌នាដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកថាជា “ការខ្វះការគោរព” ។ ស្តេចដាណឺម៉ាក Frederik X ក៏បានច្រានចោលផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចូល Greenland ផងដែរ។
អនុប្រធានាធិបតី និងភរិយារបស់គាត់បានបញ្ចប់ការស្នាក់នៅតែនៅក្នុង Greenland ពីរបីម៉ោងប៉ុណ្ណោះ ហើយបានទៅទស្សនាមូលដ្ឋាន Pituffik ដែលជាកន្លែងការពារមីស៊ីលនៅភាគខាងជើងនៃកោះ ដែលមានចម្ងាយប្រហែល 1,500 គីឡូម៉ែត្រពីរដ្ឋធានី Nuuk ៕
ដោយ៖ ធីរីណា(រូបថត៖ EPA)