ភ្នំពេញ ៖ បច្ចុប្បន្នភាពនៃគ្រោះរញ្ជួយដីនៅថៃ! តាមក្រសួងការងារបានជូនដំណឹងដោយយោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្ដរាយនៃក្រសួងមហាផ្ទៃថៃថា គិតត្រឹមម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ មានមនុស្សស្លាប់៩នាក់ របួស៩នាក់ និងបាត់ខ្លួន១០១នាក់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជននូវបច្ចុប្បន្នភាពនៃការ រញ្ជួយដីក្នុងប្រទេសថៃជ្រាបថា យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង មហាផ្ទៃថៃ គិតត្រឹមម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និង សញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយ។
ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណា ចក្រថៃឡង់ដ៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និង ក្រុមការងារទទួលបន្ទុកប្រទេសថៃ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានប្រាស្រ័យទាក់ទងជាមួយសមភាគី រៀងៗខ្លួនផងដែរ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយបងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីសាកសួរព័ត៌មានជាក់ស្តែងរបស់បងប្អូនពលករដែលរងផលប៉ះពាល់ ក្នុងគោលបំណងផ្តល់កិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករ។
សាធារណជន និងបងប្អូនពលករខ្មែរនៅប្រទេសថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកក្រុមការងារ តាមរយៈក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrant Worker ឬ QR code ដូចមានភ្ជាប់ជូនខាងក្រោម ឬតាមរយៈទូរសព្ទលេខ៖
– លេខ ៦៦ ៩២ ៨០៥០ ៥៦១
– លេខ ៦៦ ៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល)
– លេខ ៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស)
– លេខ ៦៦ ៩២ ២៩៩០១៣៣ (លោកស្រី ឡាយ ចន្ថា)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេស បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា