ព័ត៌មានទាន់ហេតុការណ៍៖

Booking Holdings វិនិយោគ២០០លានដុល្លារក្នុងក្រុមហ៊ុនGrab

ចែករំលែក៖

សិង្ហបុរី៖ ក្រុមហ៊ុនBooking Holdings (NASDAQ: BKNG) ដែលជាក្រុមហ៊ុនឈានមុខគេសម្រាប់ការកក់ទីកន្លែងស្នាក់នៅតាមអនឡាញនិងពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់ការធ្វើដំណើរនិងក្រុមហ៊ុនGrab Holdings Inc. (Grab) ដែលជាកម្មវិធីផ្ដល់សេវាដឹកជញ្ជូនចល័តតាមតម្រូវការឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃនេះបានប្រកាសថាភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ។

តាមរយៈភាពជាដៃគូនេះម៉ាកយីហោនានារបស់ Booking Holdings នឹងមានលទ្ធភាពផ្ដល់នូវសេវាដឹកជញ្ជូនតាមតម្រូវការដោយប្រើកម្មវិធីរបស់ខ្លួន ដែលសម្រួលដោយកម្មវិធីរបស់Grab ហើយអតិថិជនរបស់Grab ទាំងអស់នឹងអាចកក់ទីកន្លែងស្នាក់នៅទូទាំងពិភពលោកដែលសម្រួលដោយ booking.com និងagoda ។ ក្រៅពីនេះBooking Holdings ក៏បានវិនិយោគទឹកប្រាក់ចំនួន200លានដុល្លារទៅក្នុងក្រុមហ៊ុនGrab ដោយទទួលស្គាល់ថាGrab គឺជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ។ សម្រាប់ពេលបច្ចុប្បន្នក្រុមហ៊ុនGrab បានគៀងគរហិរញ្ញប្បទានបានទុនចំនួន២ពាន់លានដុល្លារហើយកំពុងឆ្ពោះទៅរកការសម្រេចឲ្យបាននូវការគៀងគរទុនជាង៣ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះកម្មវិធីសម្រាប់កក់ការធ្វើដំណើរតាមអនឡាញធំជាងគេបំផុតរបស់ពិភពលោកនិងកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍មានបំណងពង្រីកវិសាលភាពនិងបង្កើនដំណោះស្រាយក្នុងការធ្វើដំណើរសម្រាប់អ្នកធ្វើដំណើរទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងនៅជុំវិញពិភពលោក ។

លោកTodd Henrich, អនុប្រធានជាន់ខ្ពស់និងជានាយកនផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់Booking Holdings បានថ្លែងថា៖ “Grab បានពង្រីកខ្លួនគួរឲ្យភ្ញាក់ផ្អើលក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះដោយបានកសាងខ្លួនក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងមជ្ឈដ្ឋានប្រកបដោយភាពប្រកួតប្រជែងខ្លាំងដូច្នេះហើយយើងមានក្ដីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយនឹងGrab ដើម្បីកសាងសេវាធ្វើដំណើរកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា” ។

ភាពជាដៃគូរវាងBooking Holdings និងGrab អនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធីGrab អាចកក់ទុកនូវសេវានានាទាក់ទងនឹងការធ្វើដំណើរដោយប្រើប្រាស់កម្មវិធីនេះបានហើយអាចទូទាត់យ៉ាងងាយស្រួលដោយប្រើគណនីឌីជីថលឈានមុខគេនៅក្នុងតំបន់គឺកម្មវិធីGrabPay ។ ភាពជាដៃគូនេះក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់Grab ក្នុងការក្លាយជាកំពូលកម្មវិធីប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយមានផ្ដល់នូវសេវាកក់ការធ្វើដំណើរតាមរយៈទូរស័ព្ទដៃសេវាដឹកជញ្ជូនម្ហូបអាហារដឹកជញ្ជូនកញ្ចប់ទំនិញនិងសេវាទូទាត់ប្រាក់ឌីជីថលដល់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ ។ Grab មានវត្តមាននៅក្នុងទីក្រុងចំនួន២៣៥ក្នុងប្រទេសចំនួន៨ហើយកម្មវិធីរបស់ខ្លួនបានផ្ដល់លទ្ធភាពធ្វើអាជីវកម្មសម្រាប់សហគ្រិនខ្នាតតូចប្រមាណ៨លាននាក់ ។

ប្រធានក្រុមហ៊ុនGrab លោកMing Maaបានថ្លែងថា៖“យើងមានក្ដីសោមនស្សរីករាយក្នុងការធ្វើការជាមួយនឹងBooking Holdings ដើម្បីផ្ដល់សេវាប្រើប្រាស់ប្រចាំថ្ងៃបន្ថែមទៀតដល់អ្នកប្រើប្រាស់កម្មវិធីរបស់យើងដែលពួកគេអាចជ្រើសរើសបាននៅពេលបើកកម្មវិធីGrab ។ ទីផ្សាររៀបចំការធ្វើដំណើរតាមប្រព័ន្ធអនឡាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាចនឹងកើនឡើងជិតបីដងនៅប៉ុន្មានឆ្នាំខាងមុខហើយយើងបានមើលឃើញនូវការច្របាច់បញ្ចូលគ្នាច្រើនរវាងការធ្វើដំណើរនិងការដឹកជញ្ជូនដែលនឹងអនុញ្ញាតឲ្យយើងចាប់យកឱកាសដ៏ធំធេងមួយនេះ ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកខាងសេវាធ្វើដំណើរការវិនិយោគរបស់Booking មកក្នុងក្រុមហ៊ុន Grab គឺជាផ្ដល់ទំនុកចិត្តមកលើសមត្ថភាពរបស់យើងក្នុងការប្រតិបត្តិនិងពង្រីកទិសដៅO2O របស់យើងបានកាន់តែច្រើនហើយដាក់ឲ្យដំណើរការនៅតាមទីក្រុងទាំង២៣៥កន្លែងដែលយើងកំពុងធ្វើប្រតិបត្តិការ” ៕ វឌ្ឍនា


ចែករំលែក៖