ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបើកល្បឿនលឿនបុករបួសធ្ងន់ម្នាក់ និងស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងបើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនបុកពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់និងស្រាល២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ហ៊ឺ សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CQ-5462 មានអ្នករួមដំណើរចំនួន២នាក់ ទី១-ឈ្មោះ ឡឹង គីមហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទួលកន្ទួត ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសស្រាល) ទី២-ឈ្មោះ ចេង ប៊ុននី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសស្រាល) ។ ចំណែករថយន្ដម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5367 បើកបរដោយឈ្មោះ ជី គឹមលាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (រត់គេចខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើបើកបរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានបត់ឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ស្របពេលជាមួយគ្នានោះក៏ម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿន ឈប់មិនទាន់ បានជ្រុលទៅបុករថយន្ដពេញមួយទំហឹង បណ្ដាលជនរងគ្រោះជាបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើង និងបាក់កដៃ រីឯអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្ដិស្រុកកោះធំ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្ត បើកឆ្លងផ្លូវមិនមិនមើលឆ្វេង មើលស្តាំ មិនគោរពសិទ្ធិអាទិភាព ។ ចំណែកអ្នកបើកបរម៉ូតូ បើកមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនមើលខាងមុខ មានរថយន្តឆ្លងកាត់ ៕ស្អាងជ័យ


ចែករំលែក៖