ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ផ្សារថ្មីទី១ម្នាក់ កំពុងបំពេញភារកិច្ច ស្រាប់តែខ្យល់គរធ្លាក់ពីលើម៉ូតូសន្លប់បាត់បង់ស្មារតី

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ុក ធា ជាមន្រ្តីនគរបាលប៉ុស្ដិ៍ផ្សារថ្មីទី១ម្នាក់ កំពុងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូសន្លប់បាត់បង់ស្មារតី កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចម្ដុំផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវ១០៨ ដែលស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារថ្មី១ បានឲ្យដឹងថា មុនពេលកើតហេតុ នគរបាលរងគ្រោះ បានត្អូញត្អែរប្រាប់មន្ត្រីនគរបាលវេនល្បាតជាមួយគ្នាថា រូបគាត់មិនសូវស្រួលខ្លួនទេ ដោយមិនសូវបានសម្រាក ព្រោះតែបំពេញការងារទាំងយប់ទាំងថ្ងៃជាប់ៗគ្នា ហើយថែមទាំងព្រលឹមឡើង ត្រូវចុះការពារ(P)ទៀត តែទោះបីជាយ៉ាងនេះ ក៏ដោយគាត់នៅតែខិតខំតស៊ូបំពេញភារកិច្ច តាមតួនាទី របស់ខ្លួនក្នុងនាមជាកងកម្លាំង ដោយបន្តធ្វើការចេញល្បាត ការពារសុវត្ថិភាព ជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ ខណៈពេលកំពុងជិះម៉ូតូល្បាតតាម ភូមិសាស្ត្រ មកដល់ម្ដុំផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ស្រាប់តែគាត់ ខ្យល់គរបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូសន្លប់បាត់បង់ស្មារតី និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ និងសមត្ថកិច្ចដែលល្បាត ជាមួយគ្នាជួយសង្គ្រោះ បឋម រួចទាក់ទងរថយន្តសាមុយឲ្យមក ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីសង្រ្គោះបន្ទាន់។

ក្រោយពីទទួលបានដំណឹងខាងលើ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់លើ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានដឹកកម្លាំងមន្ត្រីនគរបាលក្រោមឱវាទ ចុះសួរ សុខទុក្ខ ដល់គេហដ្ឋានរបស់លោក ប៉ុក ធា មានអាយុ៥១ឆ្នាំ និងឋានន្តរសក្ដិអនុសេនីយ៍ឯក (សក្តិ៣) ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយបានឧបត្ថម្ភជាថវិកាចំនួន១លានរៀល រួមនឹងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀតផងដែរ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានពាំនាំនូវការសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ហើយបានសួរសុខទុក និងជំរាបទៅសមុីខ្លួន ដូចជាក្រុមគ្រួសារ គឺធ្វើឡើងតាមការ ណែនាំដូចជាតាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ។

ដោយឡែកលោក អនុសេនីយ៍ ឯក ប៉ុក ធា មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារថ្មី១ ដែលកំពុងមានបញ្ហាសុខភាពនោះ ព្រមទាំងក្រុមគ្រួសារទាំង បានថ្លែងអំណអរគុណនៅអារម្មណ៍ពិត ចេញពីបេះដូង ដោយមានភាពរំភើបរីករាយយ៉ាងក្រៃលេងរកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់ ផ្តល់កម្លាំងចិត្ត ចំពោះកូនចៅ ក្រោមឱវាទក៏ដូចជាក្រុមគ្រួសារផងដែរ ៕ស តារា


ចែករំលែក៖