ព័ត៌មានទាន់ហេតុការណ៍៖

វាយបំបាក់សោទ្វារហាងយីហោ ប៉ាន់យ៉ាប៊ី ចូលលួចទ្រព្យសម្បត្តិបានសម្រេច គេចខ្លួនបាត់ជិតមួយសប្ដាហ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន និងដកហូតនូវវត្ថុតាងជាច្រើនប្រគល់ជូនជនរងគ្រោះវិញ ក្រោយពីធ្វើសកម្មភាព វាយបំបាក់សោទ្វារហាងបារាំងយីហោ ប៉ាន់យ៉ាប៊ី ចូលលួចទ្រព្យសម្បត្តិរបស់គេ ហើយគេចខ្លួនបាន៦ថ្ងៃ ។

លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨​ នៅចំណុចក្នុងហាងយីហោ ប៉ាន់យ៉ាប៊ី ផ្ទះលេខ១១២សេ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះបានបិទទ្វារហាង ផ្ទះចាក់សោត្រឹមត្រូវ ហើយបានទៅដេកនៅផ្ទះម្តុំផ្សារកណ្តាល កាលពីថ្ងៃទី២៧តុលា២០១៨ វេលាម៉ោង២៣និង០០នាទី ។ លុះព្រឹកឡើងថ្ងៃទី២៨តុលា២០១៨​ វេលាម៉ោង០៨និង០០នាទី ជនរងគ្រោះក៏បានត្រឡប់មកហាងវិញ បានឃើញរបើកសោទ្វារផ្ទះ និងពិនិត្យឃើញបាត់សំភារៈក្នុងហាង ទើបមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២តែម្តង ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២ ​នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកំលាំងផ្នែកយុត្តិធម៌ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៨និង០០នាទីថ្ងៃទី០២ វិច្ឆិកា​ ២០១៨ ទើបឃាត់ខ្លួនបានជនសង្ស័យ នៅម្តំអតីតរោងកុនហែមជាតិ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ រួមជាមួយវត្ថុតាងមាន លិខិតឆ្លងដែនចំនួន០១ក្បាល លេខAU 1773203អត្តសញ្ញាប័ណ្ណ, សៀវភៅការងារ, ប័ណ្ណសំគាល់យានយន្ត, កាតធនាគារ និង កាបូបស្ពាយពណ៌ខ្មៅមួយ (ជារបស់ជនរងគ្រោះហើយបានប្រគល់ជូនវិញ) និងនាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២តែម្តង។

លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានបន្តអោយដឹងទៀតថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ​ ទេព សាវី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជាន់ទី១ អតីតរោងកុនហែមជាតិ ផ្លូវលេខ១៣០ សង្កាត់ផ្សារ ចាស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយជនសង្ស័យរូបនេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ជាប់ពន្ធនាគារព្រៃស(ម១)ពីបទលួច កាលឆ្នាំ២០១៦។។ ចំនែកជនរងគ្រោះ ឈ្មោះILTAF HUSSAIN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរអាជីវករ កាន់លិខិតឆ្លងដែនលេខ AU1773203 មានទីលំនៅផ្ទះលេខ១១២សេ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សំភារៈបាត់បង់មានកុំព្យួទ័រចំនួន០២គ្រឿង លុយហុងកុងចំនួន៣០០០, លុយដុល្លារចំនួន១០០ និងទូរស័ព្ទដៃម៉ាកអាយហ្វូន6 ពណ៌សមួយ។

បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ បន្តយកបក្ខពួកនៅសេសសល់ ព្រមទាំងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសតាមភូមិសាស្ត្របណ្តាខណ្ឌផ្សេងៗកន្លងមក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​ បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសទៅតាមច្បាប់ ៕ ស តារា


ចែករំលែក៖