ខេត្តសៀមរាប៖ កាលពីថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនគរបាល ចុះចាប់ខ្លួន ជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជំរះ នៃសាលាដំបូង ខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដោយចេតនា។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្ដារេត ស្នងការរងនៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលស្រុកពួក និងកម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តន៍ ដីកាចាប់ខ្លួន លេខ ៩០ ច /១៨ ចុះថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨របស់ លោក សំ ប៊ុន ពៅ ចៅក្រមជំនុំជំម្រះសាលាដំបូង ខេត្តសៀមរាប លើពិរុទ្ធជន ចំរើន រាត្រី ហៅ គុជ ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅ ភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ លោក ថា ការចាប់ខ្លួននេះពីបទ ការប្រើអំពើហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិ រកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ជម្លោះ ក្នុងពិធីរាំវង់ធុងបាស ពិរុទ្ធជន ខាងលើត្រូវបានបញ្ជូនមកសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី