ខេត្តពោធិ៍សាត់៖ គួរឲ្យអាណិតនិងរន្ធត់ដោយស្ត្រីវ័យ៤៦ឆ្នាំពិការជើងម្ខាងម្នាក់បានធ្លាក់ទឹកប្រឡាយលង់ស្លាប់ ខណៈពេលរូបគាត់ដេញក្របីពីផ្ទះទៅឃ្វាលនៅចំណុចបឹងឆ្លាត ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ករណីនេះកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះចក់ យី អាយុ៤៦ឆ្នាំ ភេទស្រី រស់នៅភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានដេញក្របីពីផ្ទះរបស់គាត់ទាំងជើងម្ខាង ក្នុងគោលបំណងយកទៅឃ្វាលលុះដេញក្របីដល់ចំណុចបឹងឆ្លាត ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្តុក រូបគាត់បានដើរធ្លាក់ទឹកប្រឡាយក៏ស្លាប់បាត់បង់ជីវិតតែម្តង ។
តាមការឲ្យដឹងពីក្រុមគ្រួសារស្ត្រីរងគ្រោះរូបនេះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ស្ត្រីរងគ្រោះមានប្តី កូន ដូចគរឯងដែរតែកូនៗគេរបស់គាត់ ចេញទៅប្រកបមុខរបរ ដើម្បីរកប្រាក់ចំណុលជួយក្នុងបន្ទុកគ្រួសារ អុំស្រីចក់ យី តែងតែដេញក្របីពីផ្ទះទៅឃ្វាជារៀងរាល់ថ្ងៃ តែនៅថ្ងៃកើតហេតុបងស្រីចក់ យី ទំនងជាមិនស្រួលខ្លួនទើបគាត់ដើរធ្លាក់ទឹកប្រឡាយលង់ស្លាប់បាត់បង់ជិវិត។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋានលោកវេសេនីយ៍ឯក លីវ សេងហ៊ឺម អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងបានអះអាងថា ករណីស្លាប់របស់ស្ត្រីរងគ្រោះ គឺដោយសារខ្យល់គរវិលមុខដួលធ្លាក់ចូលទឹកប្រឡាយងើបមិនរួចព្រោះគាត់ពិការជើងម្ខាងទើបបណ្តាលឲ្យរូបគាត់ស្លាប់បែបនេះ។ ក្រោយពេលកើតហេតុនិងពិនិត្យរបស់សមត្ថកិច្ចសាកសពស្ត្រីរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន