ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកពញាឮចាប់ខ្លួនបុរសម្នាក់ករណីរំលោភលើទំនុកចិត្ដ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូននគរបាលស្រុកពញាឮចាប់ខ្លួនករណីរំលោភលើទំនុកចិត្ដ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុំ សំណាង ហៅរ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងប៉ិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឌិន តេក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ចំណែកសម្ភារៈបាត់បង់មានរថយន្ត១គ្រឿង ម៉ាកCRV ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខភ្នំពេញ 2K-9207 ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឌិន តេក បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានជិះរថយន្តរបស់ខ្លួនម៉ាកកាមេរី បាឡែន ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ2Q-6186 ស៊េរីឆ្នាំ២០០២ ជាមួយឈ្មោះ ឈុំ សំណាង ហៅរ៉ន (ជនសង្ស័យ) ដើម្បីទៅដូររថយន្តដែលខ្លួនជិះ ជាមួយរថយន្តម៉ាកCRVខាងលើ ជារបស់ឈ្មោះ ង៉ុយ តុល ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយជនរងគ្រោះឈ្មោះ ឌិន តេក ឲ្យឈ្មោះ ង៉ុយ តុល ថែមប្រាក់ឲ្យខ្លួនចំនួន៣០០០ដុល្លារហសរដ្ឋអាមេរិក និងបានធ្វើលិខិតទិញលក់រថយន្តជាមួយគ្នាផងដែរ ចំណែកបប័ណ្ណសម្គាល់រថយន្ដ(កាតគ្រី)ម៉ាកCRV ពុំទាន់ប្រគល់ឲ្យឈ្មោះ ឌិន តេក (ជនរងគ្រោះ)ទេ ។

លុះមកដល់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៣ ជនរងគ្រោះឈ្មោះ ឌិន តេក បានតេទូរស័ព្ទហៅជនសង្ស័យឈ្មោះ ឈុំ សំណាង ហៅរ៉ន មកស៊ីផឹកជាមួយគ្នានៅចំណុចកើតហេតុខាងលើ ខណៈនោះជនសង្ស័យក៏មកដោយជិះម៉ូតូឌុប លុះផឹកស៊ីជាមួយគ្នាបានយូរបន្ដិចដោយមានការទុកចិត្តជនរងគ្រោះបានប្រើជនសង្ស័យបើករថយន្តរបស់ខ្លួនម៉ាកCRVទៅយកកាតគ្រីនៅផ្ទះឈ្មោះ ង៉ុយ តុល បន្ទាប់មកជនសង្ស័យបានបើករថយន្តជិះចេញទៅបាត់ទៅ ដោយរងចាំយូរមិនឃើញត្រឡប់មកវិញ ជនរងគ្រោះបានតេទូរស័ព្ទសួរ ទំនាក់ទំនងជនសង្ស័យដោយជនសង្សយ័និយាយប្រាប់ថា ជិតត្រឡប់មកវិញឥឡូវហើយ ។ ដោយរងចាំយូរទៅៗជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យម្ដងទៀត ប៉ុន្តែតេមិនចូលទេ ភ្លាមនោះជនរងគ្រោះក៏បានតាមរកជនសង្ស័យរហូតដល់ផ្ទះតែពុំឃើញឡើយ ។ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែកអំពីហេតុការណ៍ខាងលើសំណូមពរតំកល់ទុក ។

ប្រភពដដែលបន្ដទៀតថា រហូតមកដល់ក្នុងខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យម្ដងទៀតចូល ហើយបាននិយាយទំនាក់ទំនងសួរពីរឿងរថយន្តខាងលើដោយជនសង្ស័យបានប្រាប់ថា រថយន្តម៉ាក CRV នោះខ្លួនបានលក់ទៅអោយគេឈ្មោះ តឿ ជាជាងជួសជុលរថយន្ត នៅទីរួមខេត្តក្រចេះបាត់ហើយ និងបានប្រាប់លេខទូរស័ព្ទអ្នកទិញនោះផងដែរ ។ បន្ទាប់មកជនរងគ្រោះបានទំនាក់ទំនងតាមលេខខាងលើនិងបានជួបជាមួយម្ចាស់លេខនៅខេត្តក្រចេះ ប៉ុន្តែមិនបានប្រទះឃើញរថយន្តរបស់ខ្លួនទេ ។

លុះមកដល់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩ព្រឹក ជនរងគ្រោះបានតាមដានរហូតដឹងថាជនរងគ្រោះកំពុងជិះរថយន្ដតាមបណ្ដោយផ្លូវជាតិលេខ៥ ភ្លាមនោះជនរងគ្រោះនិងមិត្ដភក្ដិបាននាំគ្នាស្ទាក់រថយន្ដដែលជនសង្ស័យជិះ រួចឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកឧដុង្គ បន្ទាប់មកកម្លាំងនគរបាលស្រុកឧដុង្គនិងជនរងគ្រោះ បាននាំខ្លួនជនសង្ស័យប្រគល់មកឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខាងលើឈ្មោះឌិន តេក (ជនរងគ្រោះ)បានប្រើខ្លួនឲ្យទៅយកកាតគ្រីពីឈ្មោះ ង៉ុយ តុល នៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយឲ្យរថយន្តរបស់ឈ្មោះ ឌិន តេក ដើម្បីជិះទៅយក ខណៈដែលខ្លួនយកកាតគ្រីបានហើយ ភ្លាមនោះខ្លួនបានយករថយន្តនោះទៅលក់ឲ្យឈ្មោះតឿ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មុខរបរជាងជួសជុលរថយន្ត នៅម្ដុំទីរួមខេត្តក្រចេះ លក់តម្លៃ៤២០០ដុល្លារសហរដ្ឋអាមេរិក ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ដ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖