ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតក្រុមឆបោករបស់ក្រុមហ៊ុន ខលតាមទូរស័ព្ទថា ត្រូវរង្វាន់បញ្ឆោតឲ្យចូលអន្ទាក់ ទាំង៩នាក់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនខលតាមទូរស័ព្ទ ថា ត្រូវរង្វាន់ ផូវើបេង Power Beng ដើម្បីបញ្ឆោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួល បង្ខំឲ្យទិញសម្ភារ ដែលមានតម្លៃចាប់ពី១ពាន់ដុល្លាររហូតដល់ទៅ៣ពាន់ដុល្លារ តាមរយះចាប់ឆ្នោត ដែលត្រូវបានគេរៀបជាអន្ទាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលបានចាត់ទុកជាជនរងគ្រោះ ខលប្តឹងសមត្ថកិច្ច ឲ្យសួរនាំក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia សង្ស័យគ្មានច្បាប់អនុញ្ញាតឲ្យប្រកបអាជីវកម្ម ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ និងលោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ក៏បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងដែល ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia បានសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស នៅជាន់ទី១ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សកម្មភាពកងកម្លាំងចុះពិនិត្យទីតាំង ដាក់តាំងលក់សម្ភារក្នុងសណ្ឋាការ យ៉ាងស្ងាត់ៗ ក្នុងបន្ទប់តូច ដែល មិនបានបើកចំហរជាសាធារណៈ គឺបានប្រទះឃើញម៉ាស៊ីម៉ាស្សាខ្នង បំពង់ចម្រោះទឹកស្អាត ឆ្នាំងដាំបាយ ជើង ក្រាន រួមទាំងថ្នាំមួយចំនួន ដែលផលិតផលទាំងនេះ មានសរសេរលាយឡំគ្នា ខ្លះជាភាសាជប៉ុន ខ្លះភាសា អង់គ្លេស ខ្លះភាសាចិន តែបុគ្គលិកប្រចាំការ បានប្រាប់ថា ជាផលិតផលរបស់អាមេរិកកាំងទាំងអស់ ក្នុងនោះ សមត្ថកិច្ចក៏បាន នាំនារីដែលជាបុគ្គលិកក្រុមហ៊ុន ចំនួន៧នាក់មកសួរនាំនៅស្នងការនគរបាលខេត្តកំពង់ធំ ។

តាមការរៀបរាប់របស់ជនរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មានក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា ខល់ហៅថា ត្រូវរង្វាន់ផូវើបេង ឲ្យគាត់មកទទួលយកនៅទីតាំងខាងលើ លុះមកដល់ គេបាននិយាយរៀបរាប់ ពីផលិតផលផ្សេងៗ ជាហូរហែ បន្ទាប់មក ក៏បានឲ្យជនរងគ្រោះដេកលើ ផ្ទាំងម៉ាស្សាខ្លួន ដែលប្រើប្រាស់ ដោយចរន្តអគ្គិសនី ក្រោយមក ក៏បានយកសន្លឹកឆ្នោតជាច្រើនសន្លឹកឲ្យចាប់ឆ្នោត ដើម្បីទទួលបានរង្វាន់ធំ ក្រោយពីចាប់ហើយ ក៏ស្រាប់តែបុគ្គលិកក្រុមហ៊ុន នាំគ្នាហ៊ោត្រេតអរនឹងការត្រូវរង្វាន់ធំ ដែលមានតមលៃជាង២ពាន់ដុល្លារ តែត្រូវបានបញ្ចុះតំលៃត្រឹមជាងមួយពាន់ដុល្លារ ខណៈដែលត្រូវរង្វាន់ មានបុគ្គលិក ដើរតួសម្តែងខលទៅរាយការណ៍ជូនមេធំរបស់គេនៅភ្នំពេញ ដើម្បីឲ្យមេបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសំណាងល្អណាស់ ដែលត្រូវរង្វាន់បញ្ចុះតំលៃជាង១ពាន់ដុល្លារ ដើម្បីបង្ខំឲ្យជនរងគ្រោះទិញសម្ភារ ទាំងនោះភា្លមៗដែលជារង្វាន់ ដោយមិនទុកឱកាសឲ្យពិភាក្សាពីក្រុមគ្រួសារឡើយ តែបើមិនទិញទេ បុគ្គលិកទាមទារ ប្រាក់កក់ ១០០ដុល្លារ ។

ជនរងគ្រោះបានបញ្ជាក់ថា បានបន្តថា ទំនិញអន់បំផុតដែលលក់ បើគិតពីតម្លៃគឺថោក តែក្រុមបុគ្គលិក ក្រុម ហ៊ុនប្រើមធ្យោបាយបង្ខំឲ្យទិញ ដោយមិនឲ្យយើងចាកចេញទៅណា ឬក៏សួរនាំអ្នកណាឡើយ សូម្បីតែទូរស័ព្ទ ក៏មិនឲ្យជនរងគ្រោះទាក់ទងបានដែរ តែបើអត់លុយទិញទេ គឺក្រុមហ៊ុននឹងមានលុយឲ្យខ្ចីបន្ថែមទៀត តែដោយឡែក ឆ្នោតក្រោយពីចាប់បានគឺឲ្យយើងស៊ីញ៉េចុះហត្ថលេខា រីឯរង្វាន់ដែលត្រូវបានហ្នឹងគឺមិនបាន ឲ្យយើងទេ គឺបង្ខំឲ្យយើងទិញអីវ៉ាន់ផ្សេងស្មើនឹងតម្លៃទំនិញហ្នឹងដែរ ដូច្នេះគឺជាល្បិចបោកថ្មី គឺសន្លឹកឆ្នោត គឺត្រូវទាំងអស់ គ្មានសន្លឹកណាមិនត្រូវនោះទេ បន្ទាប់ពីត្រូវហើយ បង្ខំឲ្យទិញអីវ៉ានមានតម្លៃខ្ពស់។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តបានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តុលាការបានសម្រេចបញ្ជូនជនសង្ស័យទាំង៩នាក់នេះ ទៅដាក់ពន្ធនាគារខេត្តកំពង់ធំហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖