ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ពន្ធ័ករណីឆបោក រត់ការចូលបម្រើរោងចក្រ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ឃាត់ខ្លួនតាមពាក្យបណ្ដឹង ពីជនរងគ្រោះ កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងករណីឆបោ កលុយរត់ការចូលបម្រើការងាររោងចក្រនៅក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ស្ត្រីសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ ហែន ដានី អាយុ២១ឆ្នាំ មុខរបរកម្មរោងចក្រ ទីលំនៅភូមិស្ទឹងត្រង់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ។

ចំណែកជនរងគ្រោះមាន ឈ្មោះ សំ សារ៉ អាយុ៤៤ឆ្នាំ ទីលំនៅភូមិអង្គសរ ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវៃង ។

ប្រភពបន្តថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ព្រឹក នៅខាងមុខរោងចក្រ អ៊ីលីត ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ក្រុងបាវិតស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីឆបោកលើទំនុកចិត្តមូយកើតឡើង បង្កដោយជនសង្ស័យ បានប្រើល្បិច ឆបោកយកលុយពីជនរងគ្រោះ ចំនួន២៥០$ថា យកចូលរោងចក្រអីុលីត ក្រោយពីបានលុយហើយ ជនសង្ស័យក៏គេចខ្លូនបាត់ ។

ប្រភពបន្តថា រហូតដល់ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ជនរងគ្រោះ ក៏ឃើញជនសង្ស័យនៅខាងមុខរោងចក្រអុីលិត រួចជនរងគ្រោះ ក៏បានរាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនបានយកលុយចំនួន២៥០$ ពីជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លូនជាបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណំុរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖