ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែង បានចុះស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងចំណោម៧នាក់ ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូរបស់ប្ដីប្រពន្ធ២នាក់ នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិអណ្ដូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ សល់ គុយ ភេទប្រុស ឣាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិទ័ពស្តេច ឃំុច្រេស ស្រុកមេសាង ខេត្តព្រៃវែង ទី២.ឈ្មោះ រិន ជាតិ ភេទប្រុស ឣាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិវិហា ឃំុច្រេស ស្រុកមេសាង ខេត្តព្រៃវែង ទី៣.ឈ្មោះ ឃឿន ដារ៉ា ភេទប្រុស ឣាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ទី៤.ឈ្មោះ សៀន សុខចាន់ដារ៉ា ភេទប្រុស ឣាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមា ស្រុកព្រៃវែង ទី៥.ឈ្មោះ ជី ធារី ភេទប្រុស ឣាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងទី៦.ឈ្មោះ រឹត នរា ភេទប្រុស ឣាយុ២០ឆ្នាំជាតិខ្មែរ មុខរបរកម្មករយាមម៉ូតូ រស់នៅភូមិពង្រ ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។ ចំណែកជនសង្ស័យម្នាក់ទៀតដែលកំពុងរត់គេចខ្លួនឈ្មោះ សាញ់ រុន។
ប្រភពបន្តថា ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានហូត ម៉ូតូ៤គ្រឿង ក្នុងនោះពាក់ព័ន្ធនឹងករណីប្លន់នេះ១គ្រឿង គឺម៉ូតូដែលមានស្លាកលេខ ស្វាយរៀង 1G-0308 និងដាវសាមូរ៉ៃ២ដើម។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោម ហើយជាលទ្ធផលគឺមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ប្រភេទម៉ាទឹកកកផងដែរនៅក្នុងខ្លួនពួកគេផងដែរ។
ប្រភពបន្ថែមទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ដស្វាយរៀង បានប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ ចុះស្រាវជ្រាវមុខសញ្ញាករណីប្លន់ម៉ូតូនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ រហូតមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីស្រាវជ្រាវតាមជំបាញ សមត្ថកិច្ចកំណត់បានថា មុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស កំពុងស្នាក់នៅក្នុងមូលដ្ឋានឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ភ្លាមនោះសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ក៏បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ចុះឡោមព័ទ្ធផ្ទះឈ្មោះ ខឿន ដារ៉ា ភេទប្រុស នៅភូមិអណ្ដូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង ខេត្តស្វាយរៀង កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សល់ គុយ និងឈ្មោះ រិន ជាតិ បានសារភាពថា ពួកគេពិតជាបានរួមគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាមួយនឹងឈ្មោះ សាញ់ រុន ដែលកំពុងរត់គេចខ្លួនប្រាកដមែន។ ចំណែក៥នាក់ទៀត ជាអ្នកសមគំនិត។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានប្រគល់ជនសង្ស័យទាំង៦នាក់ទៅសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងជាម្ចាសករណី ដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន