ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញធ្វើអាជីវកម្មរណ្ដៅដីក្នុងសង្កាត់បាទី កំពុងធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ឈ្មួញធ្វើអាជីវកម្មរណ្ដៅដីក្នុងមូលដ្ឋានមួយក្រុមកំពុងធ្វើឲ្យប៉ះពាល់ដល់ទួលបុរាណ និងធ្វើឲ្យប៉ះពាល់ដល់ទីតាំងបញ្ចុះសពដូនតារបស់អ្នកភូមិ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់ខាងលើបានឲ្យដឹងថា ឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីក្នុងសងា្កត់បាទី ក្រុងបាវិត មិនញញើតចំពោះមន្ត្រីអាជ្ញាធរភូមិ ឬមន្ត្រីអាជ្ញាធរសង្កាត់នោះទេ ព្រោះគេអាងមានខ្នងបង្អែករឹងមាំជាមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀង។

មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់បាទី ក្រុងបាវិត បានឲ្យដឹងថា លោក ប៉ុក តក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀង គឺជាខ្នងបង្អែកឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីក្នុងភូមិថ្នល់កែង សង្កាត់បាទី ទើបឈ្មួញរូបនេះមិនញញើតនឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន។

ប្រភពពីមន្ត្រីអាជ្ញាធរសង្កាត់បាទី ក្រុងបាវិត បានឲ្យដឹងថា ពិតជាមានករណីឈ្មួញជីករណ្ដៅដីហើយដឹកអាចម៍ដីលក់នៅក្នុងភូមិថ្នល់កែង សង្កាត់បាទី ពិតមែនដែលកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទួលបុរាណ និងទីតាំងបញ្ចុះសពដូនតារបស់អ្នកភូមិ។

ប្រភពបានឲ្យឲទៀតដឹងថា ឈ្មួញម្ចាស់រណ្ដៅដីនោះមានខ្នងបង្អែករឹងមាំទើបអាចធ្វើអ្វីៗតាមអំពើចិត្ត ហើយសូម្បីតែអាជ្ញាធរក្រុងបាវិត ក៏មិនហ៊ានប៉ះពាល់ឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីនោះឡើយ។

ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងភូមិថ្នថ្នល់កែង សង្កាត់បាទី ក្រុងបាវិត អំពាវនាវឲ្យលោក អភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជួយចាត់វិធានការទប់ស្កាត់អាជីវកម្មរណ្ដៅដីក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ជាបន្ទាន់។

បើតាមការបង្ហើបពីសំណាក់មន្ត្រីរាជការនៅក្នុងមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ុក តក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀង ទេនោះគឺឈ្មួញមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

ជាក់ស្ដែងឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីនោះគ្មានអាជ្ញាប័ណ្ណពីសំណាក់មន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀងនោះឡើយ ប៉ុន្តែគេអាចជីកដីនិងដឹកជញ្ជូនអាចម៍ដីលក់យ៉ាងពេញបន្ទុក ។ ប្រជាពលរដ្ឋក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ គឺគេគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយសូម្បីតែមន្ត្រីអាជ្ញាធរមូលដ្ឋានក៏គេមិនខ្លាចផង។

ពាក់ពន្ធ័នឹងករណីនេះនគរវត្តមិនអាចសុំការបំភ្លឺពីលោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀងបាននោះទេនៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕ យឹម សុថាន


ចែករំលែក៖