ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រោយពីជួបនឹងគ្រោះថ្នាក់ចរាចរ ជិះម៉ូតូក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តមួយគ្រឿង ដែលកំពុងបើកឆ្លងផ្លូវ ។
គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវហាណូយ កែង និងផ្លូវសម្តេចជាស៊ីម ស្តុប២៤ម៉ោង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ដែលប្រចាំការនៅគោលដៅខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿងម៉ាក កាមរី ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវហាណូយបម្រុងឆ្ពោះទៅផ្លូវឧកញ្ញាម៉ុងរិទ្ធី ហើយខណ:ពេលដែលឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-8576 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន ។
ដោយម៉ូតូខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវខ្វែង ក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្តាលពេញទំហឹងបណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯជនរងគ្រោះ ដែលជាអ្នកបើកបររងរបួសបាក់ដៃទាំងសងខាងនិងបែកមាត់សន្លប់ស្តូកស្តឹង ។ ភ្លាមៗនោះ រថយន្តខាងលើក៏បានព្យាយាមបើករត់គេចខ្លួនឆ្ពោះទៅផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ហើយក៏ត្រូវសមត្ថកិច្ចអន្តរាគមន៍សែនសុខ ដែលប្រចាំការនៅគោលដៅខាងលើបានជិះម៉ូតូដេញតាមពីក្រោយ តែដោយសារផ្លូវស្ងាត់ ហើយរថយន្តក៏បន្ថែមល្បឿនយ៉ាងលឿនគេចខ្លួនបាត់ស្រមោលបាត់ ធ្វើឲ្យសមត្ថកិច្ចមិនអាចដេញស្ទាក់ឃាត់បាននោះទេ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សពបុរសរងគ្រោះមានឈ្មោះ នៅ គិរី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
ក្រោយពេលកើតហេតុបុរសរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីររពេទ្យព្រះកុសុម:តែជាអកុសលខណ:ពេលដឹងទៅដល់បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ដោយនៅកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំប្រគល់ទៅឲ្យសាច់ញាតិសពនៅពេលក្រោយ ហើយចំណែកឯសពបុរសរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹងយកទៅទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ តុង សីហា