ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចខ្ចីម៉ូតូថាទៅយកលុយមួយភ្លែត បែរជាស៊ីដាច់ មានអី ម្ចាស់តាមរកឃើញចាប់ ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រើល្បិចខ្ចីម៉ូតូថា ទៅយកលុយមួយភ្លែត បែរជាស៊ីដាច់មានអីម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍៍ភ្នំពេញថ្មី ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង២០នាទី នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកនាយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង កត្តដា ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៥បេ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ អេង សំរិត ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៤បេ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម លាយស ផលិត ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CV-5851 (របស់ជនរងគ្រោះ) ។ សម្ភារបន្សល់ទុក ៖ ទូរសព្ទ័ដៃចំនួន ០១គ្រឿង ម៉ាក ណូគារ ចុចពិល ។

លោកនាយប៉ុស្តិ៍បន្តទៀតថា៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង០០នាទី ជនសង្ស័យបាននិយាយសុំខ្ចីម៉ូតូពីជនរងគ្រោះ ថាខ្ចីម៉ូតូជិះទៅយកលុយពីគេ បន្ទាប់មក ជនរងគ្រោះបានប្រគល់ម៉ូតូរបស់ខ្លួន ឲ្យទៅជនសង្ស័យខ្ចីជិះ តែជនសង្ស័យមិនបានយកម៉ូតូមកប្រគល់ឲ្យជនរងគ្រោះវិញនោះទេ លុះដល់ម៉ោង ២០ និង២០នាទី ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាដើររកឃើញជនសង្ស័យកំពុងនៅក្នុង TELA ម៉ាត សង្កាត់ភ្នំពេញថ្មី និងបានឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូខាងលើត្រូវបានមិត្តភក្តិរបស់ខ្លួនខ្ចីបន្ត រួចជនរងគ្រោះបានដាក់ពាក់បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖